សហរដ្ឋអាមេរិកបានប្រកាសឲ្យមន្ត្រីរបស់ខ្លួនផ្អាកការធ្វើដំណើរទៅកាន់រដ្ឋរ៉ាឃីននៃប្រទេសមីយ៉ាន់ម៉ា ជាបណ្តោះអាសន្ន ដោយសារកន្លែងនោះមានការប៉ះពាក្យសម្តីគ្នារវាងមន្ត្រីអាមេរិកលើរដ្ឋាភិបាលមីយ៉ាន់ម៉ាជុំវិញករណីវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។
មន្ត្រីស្ថានទូតអាមេរិកប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ាលើកឡើងថា ការផ្អាកជាបណ្តោះអាសន្នចំពោះការធ្វើដំណើរទៅទីនោះ ព្រោះបារម្ភខ្លាចមានការតវ៉ាផ្ទុះឡើងដោយសារតែរដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធារ៉ឺសិន កាលពីម្សិលមិញបានវាយប្រហារដោយពាក្យសម្តីខ្លាំងៗលើរដ្ឋាភិបាលមីយ៉ាន់ម៉ាថា មានផែនការបោសសម្អាតឬ សម្លាប់ឲ្យផុតពូជលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
លោក រិច ធារ៉ឺសិន បានជំរុញឲ្យមីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះការសម្លាប់បំបាត់ពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ានេះ ហើយថា សហរដ្ឋអាមេរិកកំពុងតាមដានករណីនេះអាចគោលដៅនៃការដាក់ទណ្ឌកម្ម។
ជាបន្តបន្ទាប់រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនបានថ្កោលការវាយបង្ក្រាបលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ហើយជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទទួលខុសត្រូវ។
អ្នកវិភាគបញ្ហាសង្គមលើកឡើងថា សកម្មភាពរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ត្រាំ កំពុងតែធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា ចាកឆ្ងាយពីអាមេរិកហើយទៅស្និទ្ធជាមួយចិននិងប្រទេសរុស្ស៊ី៕