ឧក្រិដ្ឋជនសង្គ្រាមប៊ូស្នីក្រូអាត បានស្លាប់កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីគេមើលឃើញថា ឧក្រិដ្ឋជនរូបនោះ ហាក់បានផឹកថ្នាំពុលនៅក្នុងបន្ទប់សវនាការ ក្រោយពីក្រុមចៅក្រមអង្គការសហប្រជាជាតិ បានសម្រេចរក្សាសាលក្រមដាក់ទោសរូបលោកឲ្យគុក ២០ឆ្នាំ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្រូអាត។
ការសម្លាប់ខ្លួនឧក្រិដ្ឋជនសង្គ្រាមរូបនេះ បានធ្វើឲ្យតុលាការអន្តរជាតិរបស់អង្គការសហប្រជាជាតិ ធ្លាក់ទៅក្នុងសភាពច្របូកច្របល់ នៅក្នុងដំណើរការក្ដីចុងក្រោយរបស់ខ្លួន។
ដោយបានដកស្រង់សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋក្រូអាត ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោក ស្លូបូដាន ប្រាលចាក អាយុ ៧២ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីលោកផឹកទឹកក្នុងដបខ្មៅមួយ នៅឯសវនការតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេសម្រាប់កាត់ក្ដីអតីតរបបដឹកនាំយូកូស្លាវី។
បន្ទាប់ពីក្រុមចៅក្រមសម្រេចតម្កល់ទោសលោកដែលបានសម្រេចឲ្យជាប់គុក ២០ឆ្នាំកាលពីឆ្នាំ២០១៣នោះ លោក ប្រាលចាក អតីតមេបញ្ជាការយោធាក្រូអាតបូស្នី បានស្រែកទាំងកំហឹងថា រូបលោកមិនមែនជាឧក្រិដ្ឋជនទេ ហើយលោកច្រានចោលសេចក្ដីសម្រេចរបស់តុលាការ។
បន្ទាប់មក លោកក៏បានលើកទឹកមួយដបតូចផឹក នៅក្រោមការតាមចាប់រូបភាពពីកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានដាក់នៅក្នុងបន្ទប់សវនការ សម្រាប់កាត់ក្ដីមេដឹកនាំនយោបាយ និងយោធាក្រូអាតបូស្នី ៦រូប។
សវនាការនោះ បន្ទាប់មកត្រូវបានលើកពេលជាបន្ទាន់ បន្ទាប់ពីមេធាវីរបស់លោក ប្រាលចាក ស្រែកថា កូនក្ដីលោកបាននិយាយថា បានផឹកថ្នាំពុល។
អាជ្ញាធរប្រទេសហូឡង់ នៅពេលនេះ បានចាប់ផ្ដើមការស៊ើបអង្កេតមួយទៅក្នុងករណីនេះ៕