ក្រុមពិសេសមួយដឹកនាំដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ បានឯកភាពថា កាលបរិច្ឆេទនៃការដាក់រាជសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ គួរត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ជប៉ុន NHK នៅថ្ងៃនេះ។
ព្រះចៅ អាគីហ៊ីតូ ដែលបានវះកាត់បេះដូង និងចូលព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យនោះ បានមានបន្ទូលនៅក្នុងសារដ៏កម្ររបស់ទ្រង់កាលពីឆ្នាំមុនថា ទ្រង់បារម្ភថា អាយុចាស់ជរារបស់ទ្រង់ អាចធ្វើឲ្យទ្រង់ពិបាកបំពេញព្រះរាជតួនាទី។
ច្បាប់មួយដែលត្រូវបានអនុម័តកាលពីខែមិថុនាកន្លងមកនោះ បានអនុញ្ញាតឲ្យព្រះចៅអធិរាជអង្គនេះ ដាក់រាជសម្បត្តិ ប៉ុន្តែ ពុំបានបញ្ជាក់ពីពេលវេលាជាក់នោះឡើយ។ រាជទាយាទរបស់ទ្រង់ គឺព្រះរាជបុត្រា ណារូហ៊ីតូ នឹងឡើងសោយរាជ្យបន្តពីទ្រង់៕