អង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា ការអនុវត្តច្បាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ នៅមានភាពទន់ខ្សោយ ខណៈដែលបណ្ដឹងព្រហ្មទណ្ឌជាង ២០ភាគរយប៉ុណ្ណោះ ត្រូវបានបិទបញ្ចប់ជាមួយការដាក់ពិន័យលើជនល្មើសដែលប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ។
អង្គការលីកាដូ បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី០២ ខែធ្នូ តាមរយៈការបង្ហាញរបាយការណ៍ស្រាវជ្រាវស្ដីពី «បើគ្មានការផ្តន្ទាទោស គឺគ្មានការការពារ៖ការឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា»។
ក្នុងរបាយការណ៍នោះ អង្គការសិទ្ធិមនុស្សមួយនេះ បានរកឃើញថា ភាពទន់ខ្សោយនៃប្រព័ន្ធយុត្តិធម៌ ក្នុងការការពារជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ បណ្ដាលឲ្យជនល្មើសមិនខ្លាចរអានឹងវិធានការផ្លូវច្បាប់នោះឡើយ។
អង្គការមួយនេះរកឃើញថា ដោយផ្អែកលើសំណុំរឿងអំពើហិង្សាក្នុងគ្រួសារ ២៣៧ករណី ដែលលីកាដូបានឃ្លាំមើលចាប់ពីដើមឆ្នាំ២០១៤ ដល់ ចុងឆ្នាំ២០១៦ ហើយត្រូវបានបិទបញ្ចប់នេះ មានតែ ២២ភាគរយនៃបណ្ដឹងព្រហ្មទណ្ឌប៉ុណ្ណោះដែលត្រូវបានបិទបញ្ចប់ជាមួយនឹងការដាក់ទោសទណ្ឌលើជនល្មើសប្រព្រឹត្តអំពើហិង្សា។
នាយិការងផ្នែកតស៊ូមតិនៃអង្គការលីកាដូ អ្នកនាង ណាលី ពីឡូក បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា កន្លងមក មានករណីអំពើហិង្សាក្នុងគ្រួសារតិចតួចប៉ុណ្ណោះ ដែលត្រូវបានយកទៅជំនុំជម្រះ ហើយនេះ គឺជាសញ្ញាណអវិជ្ជមានចំពោះជនល្មើសដែលមិនខ្លាចវិធានការផ្លូវច្បាប់។
អ្នកនាង ណាលី ពីឡូក បានបន្តថា៖ «នេះជាពេលវេលាដែលប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា គួរចាត់វិធានការឱ្យបានម៉ឹងម៉ាត់ចំពោះអំពើហិង្សាក្នុងគ្រួសារ។ មានបទប្បញ្ញត្តិជាច្រើនសម្រាប់ឆ្លើយតបនឹងបញ្ហានេះ ប៉ុន្តែ ទាមទារឱ្យមានការអនុវត្តដោយត្រឹមត្រូវបន្ថែមទៀត»។
របាយការណ៍ដដែល បន្តថា ជាង ៤០ភាគរយនៃករណីអំពើហិង្សាទាំងនោះ ត្រូវបានបិទបញ្ចប់ដោយជនរងគ្រោះត្រឡប់ទៅរស់នៅជាមួយដៃគូ ដែលមានចរិតហិង្សាវិញ ហើយចំណែកករណីក្រៅពីនោះទៀត ត្រូវបានបិទបញ្ចប់ដោយប្ដីប្រពន្ធរស់នៅផ្សេងគ្នា ឬលែងលះគ្នា ប៉ុន្តែមិនមានបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងជនល្មើសទេ។
របាយការណ៍នេះ បានបង្ហាញថា មូលហេតុដែលករណីជាច្រើនត្រូវបានបិទបញ្ចប់ដោយជនរងគ្រោះ និងជនល្មើសនៅតែបន្តរស់នៅជាមួយគ្នា បណ្ដាលមកកត្តាផ្សេងៗដូចជា សម្ពាធគ្រួសារ ជំនឿសាសនា ភាពក្រីក្រ កង្វះខាតធនធាន និងអំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៌ជាដើម។
ការស្រាវជ្រាវ បន្តរកឃើញថា មានករណីជាច្រើនដែលអាជ្ញាធរមិនបានទទួលស្គាល់ ឬចាត់ទុកអំពើហិង្សាក្នុងគ្រួសារថា ជាបទល្មើសព្រហ្មទណ្ឌ ដែលនាំឲ្យពួកគេមិនសូវយកចិត្តទុកដាក់ខ្លាំងក្នុងការចាត់វិធានការលើករណីនោះ។
ក្នុងរបាយការណ៍ដដែលនោះ ក៏បានលើកជាសំណូមពរដល់អាជ្ញាធរ ស្វែងយល់ពីចរិតលក្ខណៈព្រហ្មទណ្ឌនៃអំពើហិង្សាក្នុងគ្រួសារ ដោយចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌ និងគួរយកចិត្តទុកដាក់ផ្ដល់ធនធានចាំបាច់ឱ្យបានគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ និងបទបញ្ញត្តិផ្សេងៗ ដើម្បីផ្ដល់សេវាដល់ជនរងគ្រោះប្រកបដោយប្រសិទ្ធភាព៕