ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា មនុស្សយ៉ាងតិច ១៣នាក់ ត្រូវបានសម្លាប់ ហើយ ២នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកនេសាទមួយគ្រឿងបានបុកគ្នាជាមួយនាវាដឹកប្រេងមួយគ្រឿង នៅឆ្នេរភាគខាងលិចកូរ៉េខាងត្បូង ហើយបន្ទាប់មកទូកនេសាទនោះក៏ក្រឡាប់លិច នៅព្រឹកថ្ងៃនេះ។
AFP បានចុះផ្សាយបែបនេះ បន្ទាប់ពីបានសាកសួរទៅមន្ត្រីល្បាតសមុទ្រកូរ៉េខាងត្បូង ដែលបានប្រាប់ថា ទូកនេសាទឈ្មោះ Seonchang-1 បានដឹកអ្នកដំណើរ ២០នាក់ នៅក្នុងដំណើរកម្សាន្តស្ទួចត្រី ព្រមទាំងនាវិក ២នាក់ នៅពេលទូកនោះបុកជាមួយនាវាដឹកប្រេងទម្ងន់ ៣៣៦តោន នៅម៉ោងប្រហែល ៦ព្រឹក នៅក្នុងសមុទ្រ ជិតកំពង់ផែអ៊ឹនឈ័ន។
មន្ត្រីល្បាតសមុទ្រប្រាប់ថា មនុស្ស ១៣នាក់ ត្រូវបានគេរកឃើញថាស្លាប់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ មនុស្ស ៧នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលនៅមន្ទីរពេទ្យ ខណៈមនុស្ស ២នាក់ ក្នុងនោះមានទាំងអ្នកបើកទូកនោះផងដែរ បន្តបាត់ខ្លួននៅឡើយ។
ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងពីមូលហេតុនៃការបុកគ្នានោះទេ ហើយគ្រោះថ្នាក់របស់នាវាដឹកប្រេង ក៏គេនៅមិនទាន់ដឹងផងដែរ៕