ពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី បានប្រកាសធ្វើបាតុកម្មនៅសប្ដាហ៍ក្រោយនេះ ដើម្បីទាមទារឲ្យដោះលែងមេដឹកនាំអតីតបក្សប្រឆាំងកំពុងជាប់ឃុំ និងទាមទារទៅរដ្ឋាភិបាលកម្ពុជា ឲ្យបន្តគោរពសន្ធិសញ្ញាទីក្រុងប៉ារីស ដែលបាតុកម្មនោះគ្រោងធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនគម្រោងបាតុកម្មរបស់ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងនៅមុខសេតវិមានអាមេរិក។
សហព័ន្ធខ្មែរអូស្រ្តាលី បានប្រកាសធ្វើមហាបាតុកម្មនេះតាមរយៈលិខិតមួយដែលអំពាវនាវឲ្យពលរដ្ឋខ្មែរនៅអូស្រ្តាលីតាមបណ្ដារដ្ឋនានា ចូលរួមជួបជុំគ្នានៅក្នុងទីក្រុងកង់បេរ៉ា នៅថ្ងៃទី៥ ខែធ្នូ ដើម្បីទាមទារឲ្យដោះលែងប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ និងគោរពសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
បាតុកម្មនេះ ត្រូវបានគ្រោងរៀបចំធ្វើឡើងតែ ៥ថ្ងៃប៉ុណ្ណោះ នៅមុនគម្រោងបាតុកម្មរបស់ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំង នៅមុខសេតវិមានរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅចំទិវាសិទ្ធិមនុស្ស ១០ ធ្នូខាងមុខ។
មេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» និង «ឃុបឃិតជាមួយជនបរទេស» ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
ក្រោយមកទៀត គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមកនេះ ទៅតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។
ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការរំលាយបក្សនេះចោល បានជំរុញឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ នាំមុខដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ហើយបានចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាថា បានដើរឃ្លាតចាកពីគន្លងប្រជាធិបតេយ្យ។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា អះអាងថា វិធានការរបស់ខ្លួនទៅលើបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន គឺជាការអនុវត្តច្បាប់៕