ក្រុមសហជីព បានអះអាងថា បញ្ហានយោបាយកម្ពុជាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានជំរុញឲ្យកម្មករបាត់បង់សេរីភាពក្នុងការតស៊ូមតិលើសិទ្ធិការងារ ដែលការអះអាងបែបនេះ ត្រូវបានធ្វើឡើងចំពេលដែលពិភពលោកប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។
នៅក្នុងពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានលើកឡើងថា សព្វថ្ងៃនេះ សិទ្ធិកម្មករ បានធ្លាក់ចុះ ខណៈដែលបញ្ហានយោបាយធ្លាក់ចុះ ដែលធ្វើឲ្យកម្មករបាត់បង់ឱកាសក្នុងការតវ៉ាលើលក្ខខណ្ឌការងារផ្សេងៗ នៅពេលពួកគេរងការគាប់សង្កត់ពីថៅកែរោងចក្រ។
មេដឹកនាំសហជីពរូបនេះថ្លែងថា៖ «សិទ្ធិមនុស្ស ខ្ញុំគិតថា បញ្ហាចុងក្រោយនេះ មានការធ្លាក់ចុះ ដោយសារអី ព្រោះសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ កាលណាជម្លោះនយោបាយខ្លាំង សិទ្ធិមនុស្ស ម្នាក់ៗប្រយ័ត្នយែង។ អញ្ចឹងធ្វើឲ្យសិទ្ធិមនុស្សថយ។ ជាក់ស្ដែង ពេលអ្នកណាឡើងតវ៉ា ពេលហ្នឹងចាប់។ អញ្ចឹង ខ្ញុំអាចនិយាយថា ទាំងសិទ្ធិមនុស្សទូទៅ និងសិទ្ធិការងារមានការធ្លាក់ចុះ ជាពិសេស ពួកខ្ញុំកាលមុនអាចប្រជុំណាក៏បាន ឥឡួវប្រជុំមួយចំនួនត្រូវបានអាជ្ញាធរឃាត់»។
ប្រធានសហព័ន្ធសហជីពឧស្សហកម្ម លោក ឆុន រិនដា បានលើកឡើងថា សិទ្ធិរបស់កម្មករត្រូវបានរឹតត្បិតតាមរយៈច្បាប់សហជីពថ្មី ដែលធ្វើឲ្យកម្មករបាត់បង់ប្រយោជន៍ ហើយការចុះជួបសមាជិកមូលដ្ឋាន ឬការចង់ចូលក្រុមសមាជិកសហជីព ត្រូវស្ថិតនៅក្រោមការឃ្លាំមើលពីអាជ្ញាធរ។
លោក ឆុន រិនដា បន្តថា ស្ថានភាពបញ្ហានយោបាយបច្ចុប្បន្ននេះ បណ្ដាលឲ្យក្រុមហ៊ុនមួយចំនួនឆ្លៀតឱកាស ឃុបឃិតជាមួយនឹងមន្រ្តីមួយចំនួន ធ្វើការគំរាមកំហែងដល់សហជីព បញ្ឈប់ថ្នាក់ដឹកនាំសហជីពដោយកិច្ចសន្យា ឬឃាំងឃាត់កម្មករមិនឲ្យចូលសហជីពជាដើម។
ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកថា បានដើរថយក្រោយ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលទទួលបានការបោះឆ្នោតគាំទ្រពីពលរដ្ឋប្រហែល ៣លាននាក់កាលពីឆ្នាំ២០១៣នោះ ត្រូវបានរំលាយចោលដោយតុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ហើយមេដឹកនាំបក្សប្រឆាំងដ៏ធំមួយនេះ គឺលោក កឹម សុខា នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួននៅឡើយ៕