ការសិក្សាមួយបានរកឃើញថា កូរ៉េខាងត្បូងកំពុងបង្កើនការលក់សព្វាវុធ និងមានបំណងប្រែក្លាយទៅជាប្រទេសនាំចេញសព្វាវុធដ៏ធំមួយ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការគំរាមកំហែងដោយគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលពីសំណាក់កូរ៉េខាងជើង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃនេះ។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ (SIPRI) នៅទីក្រុងស្តុកខម បាននិយាយក្នុងរបាយការណ៍របស់ខ្លួនថា ឧស្សាហកម្មសព្វាវុធកូរ៉េខាងត្បូង មានចំណែក ២.២ភាគរយ បើធៀបទៅនឹងទំហំនៃការលក់សព្វាវុធសរុបរបស់ប្រទេសផលិតសព្វាវុធទាំង ១០០នៅទូទាំងពិភពលោក កាលពីឆ្នាំ២០១៦។
ស្ថាប័នដដែលនេះ បានបន្ថែមថា ទំហំនៃការលក់សព្វាវុធរបស់បណ្ដាក្រុមហ៊ុនផលិតសព្វាវុធរបស់កូរ៉េខាងត្បូង មានទំហំសរុប ៨.៤ពាន់លានដុល្លារ ដោយបានកើនឡើង ២០.៦ភាគរយនៅឆ្នាំ២០១៦នេះ បើធៀបទៅនឹងទំហំលក់នៅឆ្នាំ២០១៥កន្លងមក។
អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន SIPRI លោក ភីធ័រ វ៉េហ្សេម៉ាន់ បាននិយាយថា ការបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង បាននាំឲ្យមានការវិនិយោគកាន់តែធំនៅកូរ៉េខាងត្បូង៕