មនុស្សយ៉ាងតិច ៧២នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ ហើយជិត ២០០នាក់ បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅដើមខែធ្នូនេះ។ នេះដោយយោងតាមរបាយការណ៍របស់នគរបាលជាតិ។
របាយការណ៍ដែលផ្សាយលើវេបសាយនគរបាលជាតិ នៅថ្ងៃទី១៣ ធ្នូនេះ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ១២០លើក បានកើនឡើងនៅទូទាំងប្រទេសរយៈពេល ១៣ថ្ងៃក្នុងធ្នូនេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៧២នាក់ និង ១៨៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល។
របាយការណ៍នោះ បានបញ្ជាក់ថា ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការបើកបរជែងមិនគោរពសិទ្ធិ និងកត្តាយានយន្ត សុទ្ធតែជាដើមហេតុនៃគ្រោះថ្នាក់ចរាចរណ៍។
គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សជាង ១៦០០នាក់ ខណៈមនុស្សជាង ៦៦០០នាក់ទៀត បានរងរបួសកាលពីឆ្នាំ២០១៦កន្លងមក៕