ក្រុមវេជ្ជបណ្ឌិតគ្មានព្រំដែន (MSF) បង្ហាញរបាយការណ៍ថា រយៈពេលមួយខែដំបូងនៃការបង្ក្រាបពីសំណាក់ពួកយោធាលើក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាឃីនកាលពីខែសីហា បានបណ្តាលឲ្យមានអ្នកស្លាប់ជាង ៦៧០០នាក់។
អំពើហិង្សាបង្ក្រាបទ្រង់ទ្រាយធំលើជនជាតិរ៉ូហ៊ីងយ៉ាបានចាប់ផ្តើមកាលពីខែសីហា ហើយបានបណ្តាលឲ្យជនជាតិនេះប្រមាណ៦២០ ០០០នាក់ បានគេចខ្លួនទៅរស់នៅក្នុងប្រទេសបង់ក្លាដេស។
អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកបានពិពណ៌នាថា សកម្មភាពយោធាមីយ៉ាន់ម៉ាគឺជាការបោសសំអាត ឬ លុបបំបាត់ពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។ ប៉ុន្តែមិនដែលបានបង្ហាញទិន្នន័យជាក់លាក់នៃការសម្លាប់នោះទេ។
ក្រុមអ្នកស្រាវជ្រាវចំនួន៦ បានធ្វើការស្រាវជ្រាវ លើជំរុំជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ាចំនួន២ ៤៣៤ នៅក្នុងប្រទេសបង់ក្លាដេស ក្នុងរយៈពេល១ខែ។
ការស្រាវជ្រាវបានរកឃើញថា គ្រាន់តែក្នុង១ខែដំបូងគឺខែសីហា មានអ្នកស្លាប់ជាង ៦៧០០នាក់ ក្នុងនោះ ៦៥ ភាគរយស្លាប់ដោយសារបាញ់សម្លាប់ ហើយផ្សេងៗទៀតស្លាប់ដោយសារ ការធ្វើទារុណកម្ម ការដុតទាំងរស់នៅក្នុងផ្ទះ និង ការរំលោភផ្លូវភេទជាដើម។
ទោះយ៉ាងណា ខាងយោធាមីយ៉ាន់ម៉ា បដិសេធរបាយការណ៍នេះ ហើយថា ចំនួនអ្នកស្លាប់មានតែ ៤០០នាក់ប៉ុណ្ណោះដែលក្នុងនោះ ៣៧៦នាក់ គឺជាក្រុមបះបោរបានស្លាប់នៅពេលបង្ក្រាបលើកដំបូង។
ទោះយ៉ាងក្រុមវេជ្ជបណ្ឌិតគ្មានព្រំដែន បានថ្លែងថា ពួកគេមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ពីការស្លាប់នោះ ហើយថា កងកម្លាំងប្រដាប់អាវុធ និងយោធានៅមូលដ្ឋានរបស់មីយ៉ាន់ម៉ាដាក់គោលដៅសម្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
សហរដ្ឋអាមេរិកបានប្រកាសផ្តាច់ជំនួយផ្នែកយោធាដល់មីយ៉ាន់ម៉ា និងព្រមានដាក់ទណ្ឌកម្មមួយចំនួនទៀត ដោយសារតែហិង្សាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទាំងនេះ៕