មេដឹកនាំចិនលោក ស៊ី ជីនពីង ថ្លែងប្តេជ្ញាថា លោកមិនអនុញ្ញាតឲ្យមានសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េនោះទេ ហើយលោកថា បញ្ហាទាំងនេះត្រូវតែដោះស្រាយដោយការជជែកគ្នាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះនេះ។
មេដឹកនាំចិនលោក ស៊ី ជីនពីង ថ្លែងបែបនេះនៅជំពោះមុខ មេដឹកនាំកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅពេលមេដឹកនាំកូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន។ ការថ្លែងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក រិច ធារឺសិនថ្លែងថា អាមេរិកត្រៀមខ្លួនក្នុងការជជែកជាមួយកូរ៉េខាងជើងដោយមិនភ្ជាប់លក្ខខណ្ឌពីមុនោះទេ។
ប៉ុន្តែមន្ត្រីខាងសេតវិមានបានថ្លែងកាលពីថ្ងៃពុធថា មិនអាចចរចាជាមួយកូរ៉េខាងជើងទៅរួចទេបើសិនជាកូរ៉េខាងជើងមិនផ្លាស់ប្តូរឥរិយាបថនោះ។
បច្ចុប្បន្នស្ថានភាពនយោបាយនៅឧបទ្វីបកូរ៉េកាន់តែមានការប្រឈមមុខដាក់គ្នាខ្លាំង ខណៈកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងកាន់តែមានការរីកចម្រើន ចំណែកកូរ៉េខាងត្បូង និង ជប៉ុនហាក់ត្រៀមខ្លួនធ្វើសង្គ្រាម ឬត្រៀមខ្លួនទប់ទល់ជាមួយកូរ៉េខាងជើង។
នៅថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំកូរ៉េខាងជើងប្តេជ្ញាថា នឹងផលិតអាវុធនុយក្លេអ៊ែឲ្យមានកម្លាំងខ្លាំងជាងគេនៅលើពិភពលោក។
នៅក្នុងជំនួបរវាងមេដឹកនាំចិន និងកូរ៉េខាងត្បូង គឺមេដឹកនាំទាំងពីរបានបញ្ជាក់ជំហររួមគ្នាថា ធ្វើយ៉ាងណាឲ្យកូរ៉េខាងជើងទម្លាក់ចោលកម្មវិធីអាវុធនុយក្លេអ៊ែ និង បញ្ឈប់ការបាញ់សាកល្បងអាវុធអាវុធមីស៊ីកម្រិតវែងបន្តទៀត។
លោកស៊ី ថ្លែងថា បញ្ហានៅឧបទ្វីបកូរ៉េត្រូវតែបញ្ចប់ដោយការពិភាក្សា ស្វែងរកហេតុផលផ្សេងៗដោយសន្តិវិធីដើម្បីឆ្ពោះទៅរកការឯកភាពគ្នា៕