នគរបាលខណ្ឌចំការមនរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ៥នាក់ក្នុងនោះមានទាំងជនជាតិចិន និង ជនជាតិកម្ពុជាពាក់ព័ន្ធករណីលួចខ្សែភ្លើង និង ការបង្ខាំងមនុស្សខុសច្បាប់កាលពីថ្ងៃទី១៤ខែធ្នូ នៅការដ្ឋានសំណងរបស់ក្រុមហ៊ុនចិនមួយកន្លែង។
ការដ្ឋានសំណង់ជាកន្លែងកើតហេតុនោះស្ថិតនៅចំណុចការដ្ឋានសំណង់ព្រីផ្លាហ្សា តាមបណ្តោយផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៥នាក់នោះ មានខ្មែរចំនួន២នាក់ និង ចិនចំនួន៣នាក់ ក្នុងនោះរួមមានទាំងកម្មករ សន្តិសុខ អ្នកម៉ៅការ និង អ្នកគ្រប់គ្រង។ ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ផល សុភី ដែលជាកម្មករសំណង់នៅការដ្ឋានខាងលើបានលួចកាត់យកខ្សែភ្លើងចម្រុះពណ៌ពីបំពង់ទុយោ បន្ទាប់មកសន្តិសុខចាប់ហើយអ្នកគ្រង់គ្រងជាជនជាតិចិនក៏បញ្ជាឲ្យយកខ្សែភ្លើងចងជាប់បង្គោលភ្លើង រហូតដល់សមត្ថកិច្ចទៅដល់ទៅដោះលែង។