សារព័ត៌មានអាមេរិកបានចុះផ្សាយថា តុលាការសហព័ន្ធអាមេរិក បានសម្រេចឲ្យផ្អាកបញ្ជារដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ជាបណ្ដោះអាសន្ន ដោយមិនឲ្យបញ្ជូនពលរដ្ឋអាមេរិកដើមកំណើតខ្មែរ ត្រឡប់ទៅប្រទេសកំណើតវិញនោះឡើយ។
សារព័ត៌មាន The Sacramento Bee បានចុះផ្សាយថា ចៅក្រមម្នាក់របស់តុលាការសហព័ន្ធនៅតំបន់ទីក្រុង Santa Ana រដ្ឋកាលីហ្វ័រញ៉ា បានសម្រេចរារាំងបញ្ជារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានសម្រេចឲ្យបញ្ជូនពលរដ្ឋអាមេរិកដើមកំណើតខ្មែររាប់រយនាក់ ឲ្យត្រឡប់ទៅប្រទេសកំណើតវិញ។
សារព័ត៌មាននេះ បានចុះផ្សាយបន្តថា នៅក្នុងរយៈពេលពីរបីមកនេះ ពលរដ្ឋអាមេរិកដើមកំណើតខ្មែរដល់ទៅ ២០០នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសអាមេរិក ហើយស្ថិតនៅក្នុងគម្រោងនៃការបណ្ដេញចេញពីទឹកដីអាមេរិកពីសំណាក់រដ្ឋាភិបាលសហព័ន្ធ។
ពលរដ្ឋអាមេរិកដើមកំណើតខ្មែរទាំងនោះ បានរត់ភៀសខ្លួនជាមួយឪពុកម្ដាយរបស់ពួកគេ អំឡុងពេលពួកគេនៅតូចៗនៅឡើយ ហើយពួកគេត្រូវបានចាប់ខ្លួន បន្ទាប់ពីបានប្រព្រឹត្តកំហុសតូចតាចប៉ុណ្ណោះ។
បើតាមសារព័ត៌មានដដែលនេះ ពលរដ្ឋខ្មែរជាង ១៩០០នាក់ ដែលកំពុងរស់នៅអាមេរិកនោះ ស្ថិតនៅក្រោមបញ្ជាដកហូតសញ្ជាតិ និងបណ្ដេញចេញពីសំណាក់រដ្ឋាភិបាលអាមេរិក៕