យោធាថៃប្រកាសបោះឆ្នោតដោយសេរីឆ្នាំក្រោយ​មានការស្វាគមន៍ខ្លាំងពី​អ្នកវិនិយោគ

មេដឹកនាំយោធាថៃលោក ប្រាយុទ្ធ ចាន់អូចា ថ្លែងនៅថ្ងៃអង្គារនេះ ដោយប្រកាសលុបចោល​បំរាមដែលហាម​បុគ្គលមួយចំនួនមិនឲ្យធ្វើនយោបាយនោះចេញ ដើម្បីឲ្យមានការចូលរួមប្រកួតប្រជែងការ បោះឆ្នោតដោយសេរីនៅខែវិច្ឆិកាឆ្នាំ២០១៨។​

ជាច្រើនខែកន្លងទៅនេះគណបក្សធំៗជាច្រើនបានជំរុញឲ្យរដ្ឋាភិបាលយោធាលុបចោល​ការហាមឃាត់បុគ្គលមួយចំនួន​មិនឲ្យធ្វើនយោបាយនោះ ហើយរៀបចំការបោះឆ្នោត​។ ក្រោយការប្រកាសរបស់ លោក ប្រាយុទ្ធ ចាន់អូចា នេះមានការសាទរពីគណបក្សទាំងនោះ។​

បើតាមការចុះផ្សាយរបស់សារព័ត៌មាន ​Straits Time បានឲ្យដឹងថា ការប្រកាសរៀបចំការបោះឆ្នោតដោយសេរីនេះ មានការស្វាគមន៍យ៉ាងខ្លាំងពីក្រុមអ្នកវិនិយោគ ខណៈបច្ចុប្បន្នថៃមានសេដ្ឋកិច្ចធំលំដាប់ទី២នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីឥណ្ឌូនេស៊ី។​

លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា លោកនឹងប្រើប្រាស់មាត្រា៤៤នៃរដ្ឋធម្មនុញ្ញដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយដែលកំពុងកើតមាន។​

ក្រុមនយោបាយ​អាវក្រហមដែលកំពុងតែធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលយោធាថៃ បានចេញសេចក្តីថ្លែងនៅថ្ងៃនេះថា នេះជា ជំហានល្អនៃការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។​ ទន្ទឹមនឹងការសាទរនេះ ក្រុមអាវក្រហមក៏ទាមទារឲ្យរដ្ឋាភិបាលយោធា លុបចោលបំរាមហាមការជួបជុំចេញ ដើម្បីឲ្យមហាជនអាចសម្តែងមតិបានវិញ។​

ក្រុមយោធាចាប់ផ្តើមគ្រប់គ្រងរដ្ឋាភិបាលតាំងពីខែឧសភាឆ្នាំ២០១៤ នៅពេលដែលក្រុមនេះធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី យីងឡាក់​ ចេញពីតំណែង ហើយបានបញ្ចប់ភាពចលាចលនយោបាយ គឺបញ្ចប់ចលនាតវ៉ាតាមដងផ្លូវ ទាំងក្រុមប្រឆាំង និងក្រុមគាំទ្រ។​

ក្រោយរដ្ឋប្រហារកាលពីឆ្នាំ២០១៤មក ទំនាក់ទំនងថៃ និងអឺរ៉ុបនៅលើផ្នែកជាច្រើនបានធ្លាក់ចុះ ប៉ុន្តែនៅដើមខែធ្នូនេះ អឺរ៉ុបបានបង្ហាញជំហរចាប់ផ្តើមជំនាក់ទំនងគ្រប់លំដាប់ថ្នាក់ជាមួយថៃវិញ​។​

កាលពីប៉ុន្មានខែមុន​មេដឹកនាំថៃលោក ប្រាយុទ្ធ ចាន់អូចា ក៏បានសន្យានៅចំពោះមុន​ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ ថានឹងរៀបចំការបោះឆ្នោត​នៅឆ្នាំ២០១៨ឲ្យបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ