ក្រុមប្រឹក្សានៃគម្រោងរោងចក្រល្អនៅកម្ពុជា លើកឡើងថាបញ្ហាសុខភាព និងសុត្ថិភាពកម្មករ មិនត្រូវបានស្ថាប័នពាក់ព័ន្ធនៅកម្ពុជា យកចិត្តទុកដាក់បានពេញលេញនៅឡើយទេ ខណៈពួកគេជម្រុញឲ្យពិនិត្យឡើងវិញចំពោះករណីនេះ។
គម្រោងរោងចក្រល្អ ឬ Better Factories គឺជាគម្រោង ដែលជម្រុញឲ្យមានលក្ខខណ្ឌការងារមួយ ដែលសមរម្យ ដើម្បីឲ្យមានភាពរីកចម្រើនខាងវិស័យការងារ និងការកសាងសេដ្ឋកិច្ចមួយដែលមានភាពរស់រវើក។
ក្នុងសេចក្តីថ្លែងការណ៍ «ស្តីពីលក្ខខណ្ឌការងារនៅក្នុងឧស្សាហកម្មការងារកាត់ដេរនៅកម្ពុជា» ដែលវីអូឌី ទើបទទួលបាននៅថ្ងៃនេះ គណៈកម្មការប្រឹក្សាគម្រោងរោងចក្រល្អនៅកម្ពុជា លើកឡើងថា កម្ពុជាមានការកែលម្អច្រើន ពីលក្ខខណ្ឌការងាររបស់ខ្លួន ក៏ប៉ុន្តែ បញ្ហាសុខភាព និងសុវត្តិភាពកម្មករមិនត្រូវបានកែលម្អបានល្អប្រសើរនៅឡើយទេ ដោយពួកគេជម្រុញឲ្យភាគីពាក់ព័ន្ធពិនិត្យឡើងវិញលើករណីនេះ។
ក្នុងសេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា៖ «យើងបានកត់សំគាល់ផងដែរថា បញ្ហាផ្សេងទៀតក៏តម្រូវឲ្យមានការយកចិត្តទុកដាក់ជាថ្មីឡើងវិញ ដូចជាការត្រៀមក្នុងពេលមានអាសន្ន និងបញ្ហាសុខភាព និងសុវត្ថិភាពការងារ ដូចជាការគ្រប់គ្រងសារធាតុគីមី និងការការពារខ្លួន»។
អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC លោក កាំង ម៉ូលីកា បានទទួលស្គាល់ពីកង្វះខាតនេះ ដោយភាគីសមាគមនឹងមានវិធានការចំពោះសមាជិកខ្លួន ដើម្បីកែលម្អពីបញ្ហានេះ។
លោកថា៖ «វាពាក់ព័ន្ធទៅនឹងការអប់រំណែនាំអំពីក្របខ័ណ្ឌច្បាប់ ហើយទីពីរគឺមានការបណ្តុះបណ្តាលបច្ចេកទេសតែម្តងទាក់ទងទៅនឹងសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការងារហ្នឹងដែលមានវគ្គបណ្តុះបណ្តាល ដែលខាងយើងក៏រៀបចំហើយនិងដៃគូរពាក់ព័ន្ធមួយចំនួនទៀតក៏នឹងរៀបចំដែរ»។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មានប្រសាសន៍ថាអ្វីដែលមានក្នុងរបាយការណ៍នោះជាការវាយតម្លៃយឺតជាងការវត្តន៍នៃនយោបាយរបស់រដ្ឋាភិបាល ទោះជាយ៉ាងណាលោកថាបញ្ហានេះ ក៏គួរតែមានការកែលំអរបន្ថែមផងដែរ។
លោកថា៖ «តាមរយៈបេឡាជាតិរបបសន្តិសុខសង្គមនេះគឺបាន ដាក់នូវផែនការសកម្មភាពថ្មីៗជាច្រើនថែមទៀត ដើម្បីពង្រឹងនូវសុវត្ថិភាពនិងសុខមាលភាពរបស់បងប្អូនកម្មករនិយោជិតរបស់យើង។ ជាក់ស្តែងដូចជាគោលនយោបាយដែលសម្តេចតេជោបានឧបត្ដម្ភ ជូនចំពោះស្ត្រីដែលឆ្លងទន្លេ អនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះចេញមុនម៉ោង ហើយណែនាំឲ្យមានគ្លីនិចព្រមទាំងការសង្គ្រោះបឋមនានានៅតាមរោងចក្រនេះ ក៏វាបានដោះស្រាយនូវអ្វីដែលជា កង្វល់មួយចំនួនដែលរោងចក្រមួយចំនួនមានការខ្វះខាតនាពេលកន្លងមក»។
ចំពោះប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ យល់ថា បញ្ហាសុវត្ថិភាពនិងសុខភាពរបស់កម្មករនៅតែចោទជាបញ្ហាដដែល ដែលនេះបណ្តាលមកពីការការគ្រប់គ្រងរោងចក្រនៅកម្ពុជាមិនទាន់ត្រឹមត្រូវ ដែលវាបានជះផលអវិជ្ជមានជាច្រើនដល់កម្មករ ក៏ដូចជាបរិស្ថាន។ លោកបន្ថែមថា បើបញ្ហានេះ នៅតែបន្ត វាអាចជះឥទ្ធិពលអាក្រក់ដល់វិស័យឧស្សាហកម្មនៅកម្ពុជា។
លោកថា «អ្នកដែលធ្វើការផ្ទាល់ហ្នឹង អាចមានជំងឺបះពាល់សុខភាព ជំងឺវិជ្ជាជីវៈ ឬអាចស្លាប់ដោយជំងឺ ឬដោយពេលមានអាសន្ន បើសិនមិនមានការៀបចំតាមបច្ចេកទេសហ្នឹង។ ហើយបើសិនជាបញ្ហាហ្នឹងច្រើន វាអាចឈានដល់ផលបះពាល់ នៃវិស័យឧស្សាហកម្ម! នៅពេលដែលមានបញ្ហាច្រើន យើងឃើញមានការព្រួយបារម្ភទៅ វាមិនអាចធ្វើការបានល្អ»។
លោកឲ្យជាយោបល់ថា រដ្ឋាភិបាលគួរតែចុះពិនិត្យឡើងវិញពីក្រុមហ៊ុនរោងចក្រណាដែលមានបញ្ហា ហើយជៀសវាងមានការត្រូវរ៉ូវគ្នារវាងអ្នកចុះពិនិត្យ និងម្ចាស់រោងចក្រ។ ដោយឡែក ចំពោះបរិយាកាសនៅរោងចក្រ លោកថា គួរបើទ្វាររោងចក្រឲ្យមានខ្យល់អាកាស ចេញចូលពេញលេញ ហើយអាចជាច្រកសុវត្ថិភាព ពេលមានអាសន្ន។
បេឡាជាតិរបបសន្តិសុខសង្គម ឲ្យដឹងថា បច្ចុប្បន្ន បុគ្គលិក និយោជិក កម្មករ កម្មការិនី ដែលរងគ្រោះថ្នាក់ការងារ មានចំនួន ១៣៥ ៩១៤ នាក់ ហើយ អ្នក បានទទួលសំណងពី ប.ស.ស ក្នុងនោះកម្មករ-កម្មការិនី គ្រោះថ្នាក់ពេលធ្វើដំណើរ មានចំនួន ៣៦ ៧២២នាក់ គ្រោះថ្នាក់នៅកន្លែងធ្វើការ ៩៩ ១៥៣នាក់ និងជំងឺវិជ្ជាជីវៈ ៣៩នាក់ ដែលបានទទួលអត្ថប្រយោជន៍ពី ប.ស.ស៕