អង្គការអន្តរជាតិមួយ ដែលឃ្លាំមើលពីសិទ្ធិជនជាប់ចោទ បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជំរុញជាបន្ទាន់ដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ខណៈកម្ពុជានៅតែប្រកាន់ជំហរថា ការចាប់ខ្លួនលោក កឹម សុខា ជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវបំផុត។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២១ខែធ្នូ ដែលដាក់ចំណងជើងធំៗថា «ត្រូវមានសកម្មភាពជាបន្ទាន់ចំពោះប្រធានអតីតបក្សប្រឆាំងដែលជាប់ពន្ធនាគារ» អង្គការលើកលែងទោសអន្តរជាតិ បានជំរុញទៅអន្តរជាតិឲ្យស្នើទៅកាន់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងលោក កឹម សុខា និងឈប់ដាក់សម្ពោធច្បាប់ទៅលើគាត់ទៀត ហើយត្រូវធ្វើយ៉ាងណាឲ្យលោក កឹម សុខា មានទំនុកចិត្តក្នុងការទាក់ទងជាមួយមេធាវី គ្រួសារ និងការទទួលការព្យាបាលសុខភាពត្រឹមត្រូវ ខណៈពេលដែលកំពុងជាប់ឃុំ ជាពិសេស ត្រូវធានាឲ្យសកម្មភាពនយោបាយកម្ពុជាត្រលប់មកជាប្រក្រតីវិញ ដោយគ្មានការចាប់ខ្លួន និងការគំរាមកំហែង។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ខែកញ្ញា និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីប នៃការថ្លែងរបស់លោកនៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដែលត្រូវបានរដ្ឋាភិបាលចោទថា «បានឃុបឃិតជាមួយបរទេស មានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បាននៅឡើយទេនៅថ្ងៃទី២២ធ្នូនេះ។
ចំណែក អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន លើកឡើងប្រាប់វីអូឌីកាលពីម្សិលមិញថា ចំណាត់ការប្រឆាំងអតីតគណបក្សសង្គ្រោះជាតិ និងការឃុំខ្លួនលោក កឹម សុខា គឺជាការអនុវត្តច្បាប់ និងដើម្បីការពារសន្ដិភាពក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
លោកថា៖ «ការមានវិធានការផ្លូវច្បាប់ ចំពោះមេបក្សប្រឆាំង ក៏ដូចជាក្រុមមេដឹកនាំបក្សប្រឆាំង ខ្ញុំយល់ថា អាហ្នឹង គឺជាការអនុវត្តច្បាប់ ពីព្រោះគាត់ប្រព្រឹត្ដល្មើសច្បាប់មែន»។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ មានប្រសាសន៍ថា សេចក្តីថ្លែងការរបស់អង្គការលើកលែងទោសអន្តរជាតិនេះវាអាចជម្រុញឲ្យប្រទេស ឬអង្គការអន្តរជាតិជាច្រើននឹងមានប្រតិកម្មចំពោះវិធានការរបស់រដ្ឋាភិបាលកម្ពុជា។ លោកបន្ថែមថា សម្ពោធអន្តរជាតិនានានៅពេលនេះ វាគ្រប់គ្រាន់ឲ្យកម្ពុជាបន្ទន់ជំហរហើយ តែថាដោយសារភាពចង់ឈ្នះចាញ់របស់លោកនាយករដ្ឋមន្ត្រី ទើបរុញឲ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងឡើង។
លោកថា៖ «យើងនិយាយឲ្យខ្លី គឺគាត់នៅចង់ឈ្មះចាញ់ចំពោះអន្តរជាតិ និងបក្សប្រឆាំងទេ។ ប៉ុន្តែសម្ពោធនោះគឺធំណាស់ទៅហើយ ប៉ុន្តែគ្រាន់តែមិនទាន់បង្ហើបគោលជំហរ ឬអាការៈណាមួយ ដើម្បីឲ្យអន្តរជាតិគេមើលឃើញ ក្រែងលគេវាតម្លៃគាត់ហ្នឹងថា មិនខ្លាំងអីអញ្ចឹងទៅណា។ ធម្មតាយើងដឹងហើយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់បានតាំងខ្លួនជាបុរសខ្លាំងនៅកម្ពុជា»។
គួរបញ្ជាក់ផងដែរថា ក្រោយមានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង និងការរំលាយអតីតគណបក្សសង្រ្គោះជាតិ សហគមន៍អន្តរជាតិ និងអង្ការអន្តរជាតិ បានថ្កោលទោសរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ នៅពេលថ្មីៗនេះ សហរដ្ឋអាមេរិកផ្អាកផ្ដល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបានរឹតបន្តឹងផ្នែកទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់កម្ពុជា និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ។
ចំណែកសហភាពអឺរ៉ុប ក៏បានសម្រេចផ្អាកផ្ដល់ជំនួយដល់ គ.ជ.ប ក្រៅពីនេះ សហភាពអឺរ៉ុបក៏បានប្រាប់ទៅគណៈកម្មការអឺរ៉ុប ឲ្យសើរើការផ្ដល់ភាពអនុគ្រោះផ្នែកពន្ធគយសម្រាប់ប្រទេសកម្ពុជា និងរៀបចំបញ្ជីឈ្មោះក្រុមមន្ត្រីជាន់កម្ពុជា សម្រាប់រឹតបន្តឹងផ្នែកទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដែលជាការឆ្លើយតបទៅនឹងការរំលាយគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសផងដែរ៕