រដ្ឋបាលសាលារាជធានីភ្នំពេញបានបិទប្រកាសឈ្មោះពលរដ្ឋដែលនឹងត្រូវទទួលបានសំណងតាមគោលនយោបាយ តែពលរដ្ឋថាមិនព្រមទទួលយកសំណង និងមិនព្រមចាកចេញពីតំបន់បុរីកីឡានោះទេ។
នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ នេះសាលារាជធានីភ្នំពេញបានយកឈ្មោះពលរដ្ឋតំបន់បុរីកីឡាដែលនៅសេសសល់ ៣០គ្រួសារ ទៅបិទ ដែលក្នុងនោះពលរដ្ឋ១០គ្រួសារមានឈ្មោះទៅរស់នៅភូមិអណ្ដូងជាយក្រុងភ្នំពេញ ១០គ្រួសារទៀតទទួលបានជាថវិកា ចំណែក១០គ្រួសារផ្សេងទៀត មិនទទួលបានអ្វីទាំងអស់។
ទោះបីជាយ៉ាងណាពលរដ្ឋទាំងនោះអះអាងពួកគេមិនព្រមទទួលយកសំណងទាំងនោះ និងមិនចាកចេញពីបុរីកីឡាជាដាច់ខាត់ ដរាបណាពួកគេមិនទទួលបានសំណងសមរម្យ ឬជាសំណងផ្ទះដែលស្ថិតនៅក្នុងទីតាំងដែលពួកគេធ្លាប់រស់នៅ និង រកស៊ីចិញ្ចឹមជីវិត។
ពលរដ្ឋម្នាក់ដែលរងគ្រោះពីជម្លោះដីធ្លីតំបន់បុរីកីឡា អ្នកស្រី សុខ ស្រីអូន លើកឡើងថាអ្នកស្រីបានឃើញឈ្មោះក្រុមគ្រួសារអ្នកស្រីត្រូវទទួលបានសំណងផ្លាស់ទៅរស់នៅក្នុងភូមិអណ្ដូងជាយក្រុងភ្នំពេញ។
អ្នកស្រីបន្តថាអ្នកស្រីមិនអាចទទួលយកសំណងនេះតាមគោលនយោបាយរបស់សាលាក្រុងទេ អ្នកស្រីចង់ឲ្យមានការអភិវឌ្ឍនៅនឹងកន្លែងដូចគោលនយោបាយរបស់នាយករដ្ឋមន្រ្តីដែលថាគ្រួសារអ្នកស្រីអាចរស់នៅបុរីកីឡាដដែល។
ពលរដ្ឋរងគ្រោះម្នាក់ទៀត អ្នកស្រីអួនកង វិសាគរបានលើកឡើងថានៅក្នុងបុរីកីឡា អ្នកស្រីមានដីនឹងមានផ្ទះ ដែលអាចឲ្យកូនទទួលបានការអប់រំ ហើយអ្នកស្រីមិនព្រមចាកចេញជាដាច់ខាត់ បើមិនមានសំណងសមរម្យដែលជាជម្រកស្ថិតទីក្រុងភ្នំពេញ។
ទោះបីជាយ៉ាងណាថ្ងៃនេះ ជាថ្ងៃដែលអាជ្ញាធរគ្រោងរុះរើកន្លែងស្នាក់នៅរបស់ពួកគេ បន្ទាប់ពីសាលារាជធានីដាក់ ឱសានវាទពីរសប្តាហ៍គឺចាប់ថ្ងៃទី៨ ដល់ថ្ងៃ២២ខែធ្នូ ដោយថាបើពលរដ្ឋទាំងនោះខកខានដូចតាមពេលកំណត់ នឹងបាត់បង់សិទ្ធិទទួលបានសំណង និងដំណើរការដោះស្រាយទំនាស់ក៏ត្រូវបានបញ្ចប់ដែរ។
កាលពីថ្ងៃទី២០ខែធ្នូ អង្គការនិងសហគមន៍ សរុបចំនួន៣៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវទៅសាលារាជធានីភ្នំពេញ ឲ្យទម្លាក់ចោលឱសានវាទនេះ និងបន្តដំណើរការដោះស្រាយវិវាទនោះ តាមនីតីវិធីឡើងវិញ។
បើតាមសេចក្តីថ្លែងការណ៍ដដែល ក្រុងអង្គការទាំង៣៤ បានចាត់ទុការដាក់ឱសានវាទនោះថា ធ្វើឡើងផ្ទុយពីសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានា ដែលប្រទេសកម្ពុជា បានផ្តល់សច្ចាប័ននិងរដ្ឋធម្មនុញ្ញ ដែលចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការរស់នៅក្នុងស្ថានភាពមួយសមរម្យ ទទួលបានលំនៅឋានសមរម្យ និងការការពារពីការបណ្តេញចេញដោយបង្ខំ៕