ភ្លើង​ឆេះ​ផ្សារ​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន មនុស្ស​៣៧​នាក់​ត្រូវ​គេ​ជឿ​ថា​ស្លាប់​

ខណៈ​ដែល​កោះ​មិនដាណាវ​កំពុង​រង​ការ​វាយ​ប្រហារ​ពី​ព្យុះ​ត្រូពិក​នោះ នៅ​ឯ​ភាគ​ខាង​ត្បូង​ហ្វីលីពីន មាន​សេចក្ដី​រាយការណ៍​មក​ថា មនុស្ស​ ៣៧​នាក់ ត្រូវ​បាន​គេ​ជឿ​ថា បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​មួយ ដែល​បាន​ឆាប​ឆេះ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ទីក្រុង​ Davao ដែល​ជា​ស្រុក​កំណើត​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ AFP ដែល​បាន​ដក​ស្រង់​សម្ដី​អាជ្ញាធរ​ហ្វីលីពីន​នៅ​ថ្ងៃ​នេះ។

អភិបាល​រង​ក្រុង​ Davao លោក Paolo Duterte ដែល​ជា​កូន​ប្រុស​លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា ឱកាស​រស់​រាន​មាន​ជីវិត​របស់​មនុស្ស ៣៧​នាក់ គឺ​ «សូន្យ»។

មន្ត្រី​ប៉ូលិស​ហ្វីលីពីន​ម្នាក់ ត្រូវ​បាន​ AFP សម្ភាស ដែល​បាន​និយាយថា ភ្លើង​​ចាប់​ផ្ដើម​ឆាប​ឆេះ​នៅ​ជាន់​ទី​៤ នៃ​ផ្សារ​ NCCC Mall កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ម្សិល​មិញ ហើយ​មនុស្ស​ម្នា​បាន​ជាប់​នៅ​ក្នុង​ផ្សារ​នោះ ក្នុង​នោះ​​រួម​ទាំង​មនុស្ស​នៅ​មណ្ឌល​បម្រើ​សេវាកម្ម​ជាន់​ខាង​លើ​ផង​ដែរ។

មន្ត្រី​ប៉ូលិស​ដដែល​នោះ បាន​អះ​អាង​ថា ភ្លើង​បន្ត​ឆេះ​រហូត​ដល់​ព្រឹក​ថ្ងៃ​នេះ ពោល​គឺ​ឆេះ​អស់​រយៈ​ពេល​ជិត ២៤​ម៉ោង។

ប្រធានាធិបតី ឌូទើតេ ដែល​ធ្លាប់​កាន់​តំណែង​ជាអភិបាល​ក្រុង​នេះ​អស់​រយៈ​ពេល​ប្រហែល ២​ទសវត្សរ៍ ហើយ​បន្ត​រស់​នៅ​ទីក្រុង​នេះនោះ បាន​ទៅ​មើល​ផ្សារ​នោះ​នៅ​យប់​ថ្ងៃ​ម្សិលមិញ​នេះ ដើម្បី​លួង​លោម​សាច់​ញាតិ​ជន​រងគ្រោះ។

ទីក្រុង Davao មាន​ប្រជាជន​ប្រហែល ១​លាន ៥​សែន​នាក់ និង​ជា​ទីក្រុង​ធំ​ជាង​គេ​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន។ វា​មាន​ចម្ងាយ​ប្រហែល ១​ពាន់​គីឡូ​ម៉ែត្រ​ពី​រដ្ឋ​ធានី​ម៉ានីល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ