អតីតមន្ត្រីសាលាក្ដីខ្មែរក្រហមម្នាក់ ត្រូវបានតែងតាំងជាអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បន្ថែមជាមួយនឹងអ្នកនាំពាក្យបច្ចុប្បន្ន លោក ហង្ស ពុទ្ធា។
ក្នុងសេចក្ដីសម្រេចកាលពីថ្ងៃទី២២ ខែធ្នូ ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក បានសម្រេចតែងតាំងលោក ឌឹម សុវណ្ណារុំ ឲ្យធ្វើជាអ្នកនាំពាក្យនៃស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ។
លោក ឌឹម សុវណ្ណារុំ គឺជាអតីតប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម ហើយត្រូវបានជ្រើសរើសជាសមាជិក គ.ជ.ប. ថ្មី រួមជាមួយសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច លោក នុត សុខុម បន្ទាប់ពីសមាជិក គ.ជ.ប. ៣រូបមកពីកូតាគណបក្សសង្គ្រោះជាតិ បានសម្រេចលាលែងពីតំណែង ក្រោយការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ។
កាលពីឆ្នាំ២០១៦ លោក ឌឹម សុវណ្ណារុំ ត្រូវបានរដ្ឋាភិបាលតែងតាំងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល៕