គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានប្រតិកម្មទៅនឹងប្រតិកម្មទៅនឹងវិទ្យុអាស៊ីសេរី ដោយចាត់ទុកវិទ្យុអនឡាញមួយនេះថា យកសង្គមស៊ីវិល និងពលរដ្ឋធ្វើជាចំណាប់ខ្មាំងរបស់ខ្លួន។
វិទ្យុអាស៊ីសេរី បានចុះផ្សាយអត្ថបទ «ប្រធាន គ.ជ.ប.ថា គ.ជ.ប. នៅតែអាចបន្តដំណើរការបោះឆ្នោតបាន បើទោះបីគ្មានជំនួយពីសហភាពអឺរ៉ុប» នៅលើគេហទំព័រ និងវិទ្យុអនឡាញរបស់ខ្លួនកាលពីថ្ងៃទី២០ ខែធ្នូ។
ក្នុងអត្ថបទរបស់ខ្លួន វិទ្យុអាស៊ីសេរី បានផ្សាយថា ពលរដ្ឋខ្លះបាក់ទឹកចិត្តលែងទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត ដោយសារតែស្ថានភាពបច្ចុប្បន្ន។ វិទ្យុនេះបន្តថា ពលរដ្ឋខ្លះយល់ឃើញថា គ.ជ.ប. គ្រាន់តែជាឧបករណ៍នយោបាយសម្រាប់អនុវត្តតាមច្បាប់អធម្មនុញ្ញរបស់បក្សកាន់អំណាចតែប៉ុណ្ណោះ។
ជាប្រតិកម្មតបនឹងអត្ថបទចុះផ្សាយបែបនេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប. បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនេះ ដោយបានហៅវិទ្យុអាស៊ីសេរីថា សរសេរព័ត៌មានគ្មានមូលដ្ឋាន និងយកសង្គមស៊ីវិល និងពលរដ្ឋធ្វើជាចំណាប់ខ្មាំងនៃងអត្ថបទរបស់ខ្លួន។
គ.ជ.ប. បានចោទវិទ្យុអាស៊ីសេរីថា មានចេតនាបំភាន់នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត និងការទទួលស្គាល់ការងាររបស់ គ.ជ.ប.៕