កូរ៉េ​ខាង​ជើង​ថា ទណ្ឌកម្ម​ថ្មី​ពី UN ស្មើ​នឹង​ទង្វើ​បង្ក​សង្គ្រាម

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ទណ្ឌកម្ម​ថ្មី​បំផុត​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​នឹង​ក្រុង​ព្យុងយ៉ាង គឺ​ជា​សកម្មភាព​បង្ក​សង្គ្រាម និង​ស្មើ​ទៅ​នឹង​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ទាំង​ស្រុង​ប្រឆាំង​នឹង​ប្រទេស​មួយ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​នេះ។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ដាក់​ទណ្ឌកម្ម​​ថ្មី​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​តេស្ត​គ្រាប់​មីស៊ីល​អន្តរទ្វីបនា​ពេល​ថ្មីៗ​នេះ​របស់​របប​ក្រុង​ព្យុងយ៉ាង។ ក្រុម​ប្រឹក្សា​មួយ​នេះ បាន​ព្យាយាម​ដាក់​កំហិត​លើ​កូរ៉េ​ខាង​ជើង ក្នុង​ការ​ទិញ​ផលិត​ផល​ប្រេង​ឥន្ទនៈ​ចំរាញ់ និង​ប្រេង​ឆៅ ព្រម​ទាំង​ប្រភព​ចំណូល​បាន​មក​ពី​ពលករ​របស់​ខ្លួន​បម្រើការ​នៅ​ឯ​បរទេស។

សេចក្ដី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ បាន​ព្យាយាម​ហាម​ឃាត់​ការ​នាំ​ចេញ​ផលិត​ផល​ប្រេង​សម្រេច ៩០​ភាគរយ​ ចូល​ទៅ​កូរ៉េ​ខាង​ជើង​តាម​រយៈ​​ការ​កំណត់​ឲ្យ​នាំ​ចូល​ត្រឹម​តែ ៥​សែន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយ​ក៏​បាន​ទាម​ទារឲ្យ​បញ្ជូន​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ដែល​កំពុង​ធ្វើការ​នៅ​បរទេស ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ​នៅ​ក្នុង​រយៈ​ពេល ២៤​ខែ​ខាង​មុខ។

សេចក្ដី​សម្រេច​ដែល​ព្រាង​ឡើង​ដោយ​អាមេរិក​នោះ ក៏​បាន​ដាក់​កំហិត​លើ​ការ​នាំ​ចូល​ប្រេង​ឆៅ​ទៅ​កូរ៉េ​ខាង​ជើង ឲ្យ​នៅ​ត្រឹម ៤​លាន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយ​នឹង​ដាក់​កំហិត​បន្ថែមទៀត ប្រសិន​បើ​កូរ៉េ​ខាង​ជើង​សាក​ល្បង​នុយក្លេអ៊ែរ ឬ​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​ជា​ថ្មី​ទៀត។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាង​ជើង KCNA ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង បាន​និយាយ​ថា អាមេរិក​ភ័យ​ខ្លាច​អំណាច​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​កាន់​តែ​ឆ្កួត​នឹង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​បំផុត​ប្រឆាំង​នឹង​ប្រទេស​មួយ​នេះ។

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​និយាយ​ថា សេចក្ដី​សម្រេច​ថ្មី​នេះ មាន​ន័យ​ស្មើ​នឹង​ការ​រាំង​ខ្ទប់​សេដ្ឋកិច្ច​ក្រុង​ព្យុងយ៉ាង​ទាំង​ស្រុង។ បើ​តាម Reuters ក្រុង​ព្យុងយ៉ាង​បាន​គំរាម​ដាក់​ពិន័យ​លើប្រទេស​ទាំង​ឡាយ​ដែល​គាំ​ទ្រ​វិធានការ​ប្រឆាំង​នឹង​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ