ព្យុះ​តឹមប៊ីន​​សម្លាប់​មនុស្ស​យ៉ាង​តិច​១៨២​នាក់ ខណៈ​រាប់​ម៉ឺន​នាក់​ភៀស​ខ្លួន​នៅ​ហ្វីលីពីន

មនុស្ស​រាប់​ម៉ឺន​នាក់ បាន​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ បន្ទាប់​ពី​ព្យុះ​ត្រូពិក​មួយ បាន​បោក​បក់​​កាត់​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ដោយ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ១៨២​នាក់​ស្លាប់។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ AFP ដែល​បាន​ដក​ស្រង់​ប្រភព​ពី​ប៉ូលិស និង​ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ហ្វីលីពីន​នៅ​ថ្ងៃ​នេះ។

ទីភ្នាក់ងារ​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ បាន​និយាយ​ថា ព្យុះ​ត្រូពិក​តឹមប៊ីន ដែល​បាន​បង្ក​ជា​ទឹក​ជំនន់​ដ៏​ឆាប់​រហ័ស និង​ការ​រអិល​បាក់​ដី​ផង​នោះ បាន​បង្ខំ​មនុស្ស​ជាង ៧​ម៉ឺន​នាក់ ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ ខណៈ​ព្យុះ​នេះ​បាន​វាយ​ប្រហារ​កោះ​មិនដាណាវ ដែល​ជា​កោះ​ធំ​លំដាប់​ទី​ពីរ​របស់​ហ្វីលីពីន។

ហ្វីលីពីន​ប្រឈម​មុខ​នឹង​ព្យុះ​ធំៗ​ជា​មធ្យម ២០​លើក​ក្នុង​មួយ​ឆ្នាំ ដោយ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ព្យុះ​ប្រកប​ដោយ​គ្រោះ​ថ្នាក់។ ប៉ុន្តែ កោះ​មិនដាណាវ ដែល​មាន​មនុស្ស​រស់​នៅ​ប្រហែល ២០​លាន​នាក់​នោះ កម្រ​រង​ការ​វាយ​ប្រហារ​ពី​ព្យុះ​ណាស់។

បើ​តាម​ប៉ូលិស​ហ្វីលីពីន មនុស្ស ១៥៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ ហើយ​ជាង ៤​ម៉ឺន​នាក់ បាន​ភៀស​ខ្លួន​ទៅ​កាន់​ជំរុំ​សុវត្ថិភាព ខណៈ​ដែល​ព្យុះ​តឹមប៊ីន​វាយ​ប្រហារ​ចូល​កោះ​មួយ​នេះ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក។ អាជ្ញាធរ​ហ្វីលីពីន កំពុង​ស្ថិត​ក្នុង​ប្រតិបត្តិការ​ស្វែង​រក និង​ជួយ​សង្គ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ