ចិន និង​រុស្ស៊ី​រួម​គ្នា​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​ UN ជុំ​វិញ​វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​ភូមា

មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​នេះ បាន​ជំរុញ​ទៅ​ភូមា​ឲ្យ​បញ្ចប់​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា និង​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ចាត់​តាំង​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ បើ​ទោះបី​ជា​មាន​ការ​ជំទាស់​ពី​ចិន រុស្ស៊ី និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ក៏​ដោយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សេចក្ដី​សម្រេច​មួយ​ដែល​ស្នើ​ឡើង​ដោយ​អង្គការ​កិច្ចសហការ​ឥស្លាម ត្រូវ​បាន​បោះ​ឆ្នោត​គាំ​ទ្រ​ពី​សំណាក់​ប្រទេស​ចំនួន ១២២ ដោយ​មាន​សំឡេង​ជំទាស់ ១០​ប្រទេស ខណៈ​ដែល ២៤​ប្រទេស​ទៀត អនុប្បវាទ។

ប្រទេស​ចិន រុស្ស៊ី កម្ពុជា ឡាវ ហ្វីលីពីន ​វៀតណាម និង​ភូមា​ខ្លួន​ឯង​ផ្ទាល់ បាន​បោះ​ឆ្នោត​ជំទាស់​​ទៅ​នឹង​សេចក្ដី​សម្រេច​ខាង​លើ ​ដូច​គ្នា​នឹង​ប្រទេស​បេឡារុស ស៊ីរី និង​ហ្ស៊ីមបាវ៉េ​ផង​ដែរ។

សេចក្ដី​សម្រេច​នោះ បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​ភូមា ឲ្យ​បើក​ផ្លូវ​ដល់​ក្រុម​ផ្ដល់​ជំនួយ ​ធានា​ដល់​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នៃ​ជន​ភៀស​ខ្លួន​​ទាំង​អស់ និង​ផ្ដល់​សិទ្ធិ​ជា​ពលរដ្ឋ​ពេញ​លេញ​ដល់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា។

សេចក្ដី​សម្រេច​ក៏​បាន​ស្នើ​ទៅ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទ័ររ៉េស ឲ្យ​តែង​តាំង​ប្រេសិត​ពិសេស​ម្នាក់​ប្រចាំ​នៅ​ភូមា​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ