ក្រសួងធនធានទឹក និងឧត្តុនិយម បានព្រមានទៅដល់ពលរដ្ឋរស់នៅតំបន់ឆ្នេរសមុទ្រ ឲ្យប្រុងប្រយ័ត្ន ខណៈដែលព្យុះទីហ្វុងតឹមប៊ិន កំពុងមានឥទ្ធិពលមកលើប្រទេសកម្ពុជា បន្ទាប់ពីវាបោកបក់បំផ្លាញភាគខាងត្បូងប្រទេសហ្វីលីពីន។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បាននិយាយថា ព្យុះទីហ្វុងតឹមប៊ិន នឹងបោកបក់មកដល់ប្រទេសវៀតណាមនៅល្ងាចថ្ងៃនេះ ហើយនឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ដោយបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់បក់បោកខ្លាំង ស្ទើរតែទូទាំងប្រទេស។
ក្រសួងបានព្រមានទៅដល់ពលរដ្ឋធ្វើដំណើរតាមសមុទ្រ ឲ្យផ្អាកសកម្មភាពរបស់ខ្លួនចាប់ពីល្ងាចថ្ងៃនេះ រហូតដល់អាកាសធាតុបានល្អប្រសើរឡើងវិញ។
សេចក្ដីរាយការណ៍របស់ទូរទស្សន៍អូស្ត្រាលី ABC បានឲ្យដឹងថា ព្យុះទីហ្វុងតឹមប៊ិន បានបោកបក់កាត់កោះមិនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបានបង្កជាទឹកជំនន់ដ៏ឆាប់រហ័ស និងការរអិលបាក់ដី ព្រមទាំងបានសម្លាប់មនុស្សរហូតដល់ ២៣០នាក់ ខណៈដែលមនុស្សប្រហែល ១០ម៉ឺននាក់ ត្រូវបានបង្ខំឲ្យជម្លៀសចេញទៅជំរុំសុវត្ថិភាព។
បើតាម ABC ព្យុះមួយនេះ នឹងបោកបក់មកដល់ភាគខាងត្បូងប្រទេសវៀតណាមនៅល្ងាចថ្ងៃចន្ទនេះ ហើយអាជ្ញាធរវៀតណាមបានប្រកាសប្រាប់ពលរដ្ឋប្រហែល ១លាននាក់ ឲ្យត្រៀមខ្លួនជម្លៀសចេញ៕