ភរិយាលោក រ៉ូប៊ឺត មូហ្គាបេ អតីតមេដឹកនាំប្រទេសហ្ស៊ីមប៉ាវេ ដែលទើបរងការបណ្តេញចេញពីតំណែងកាលពីខែវិច្ឆិកាកន្លងទៅនេះ រងការចោទថា ចាយវាយលុយខ្ជះខ្ជាយលើការទិញសម្ភារទំនើបៗ ដែលគ្រាន់តែដើរផ្សារមួយលើកនៅទីក្រុងប៉ារីសប្រទេសបារាំងចំណាយលុយចំនួន៧៥ ០០០ដុល្លារ។

របាយការណ៍ដែលសារព័ត៌មាន The Guardian ទទួលបានគឺ បង្ហាញថា លោកស្រី ហ្គ្រាស មូហ្គាបេ ដើរផ្សារប្រមូលទិញទ្រនាប់ជើងដែលរចនាម៉ូដថ្មីៗ និង សម្ភារទំនើបផ្សេងៗទៀតចំណាយប្រាក់៧៥ ០០០ដុល្លារ ក្នុងពេលដើរផ្សារមួយលើក។
បើទោះជាលោកស្រី ហ្គ្រាស ច្រានចោលការអះអាងនេះ ក៏ដោយ ប៉ុន្តែសាធារណជននៅក្នុងប្រទេសហ្ស៊ីបប៉ាវេ នៅតែជឿជាក់ថា គ្រួសារមេដឹកនាំនេះចំណាយលុយច្រើនលើសម្ភារទំនើបៗ ខណៈពលរដ្ឋក្រីក្រ។ កូនប្រុសពៅគ្រួសារនេះ ដែលមានអាយុ២១ឆ្នាំ ឈ្មោះ Bellarmine Chatunga បានថតរូប នាឡិកាផ្ទាល់ខ្លួន ហើយបង្ហោះនៅលើ Instagram ភ្ជាប់តម្លៃនៅលើនាឡិកានោះគឺ ៦០ ០០០ ដុល្លារ និង បានបង្ហាញតម្លៃស្រាសំប៉ាញដែលពួកគេផឹក ១ដប ៤០០ដុល្លារ។
ចំណែកសារព័ត៌មាននៅក្នុងស្រុកក៏ធ្លាប់បានចុះផ្សាយដែរថា ក្នុងខួបអាពាហ៌ពិពាហ៌ លោកស្រី ហ្គ្រាសធ្លាប់បានទិញចិញ្ចៀនពេជ្រ ដែលមានតម្លៃ ១,៣៥ លានដុល្លារ។

កូនស្រី មេដឹកនាំនេះ ឈ្មោះBona Mugabe រៀបចំពិធីមង្គលការងារក្នុងផ្ទះនៅក្នុងទីក្រុង ហារារ៉េកាលពីឆ្នាំ២០១៤ គឺក្រុមអ្នកថតរូប មិនអនុញ្ញាតឲ្យថតជាប់ទ្រព្យសម្បត្តិមានតម្លៃដែលដាក់តាំងនៅក្នុងផ្ទះនោះទេ។
លោក រ៉ូប៊ឺត មូហ្គាបេ ត្រូវយោធា បណ្តេញចេញពីតំណែងកាលពីខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីមេដឹកនាំអាយុ៩៣ឆ្នាំ ហើយគ្រប់គ្រងតំណែងបាន៣៧ឆ្នាំរូបនេះគ្រោងផ្ទេរអំណាចទៅឲ្យភរិយារបស់លោកគឺលោកស្រី ហ្គ្រាស មូហ្គាបេអាយុ៥២ឆ្នាំ។
ខណៈមានព័ត៌មានពីការចាយវាយសប្បាយហូរហៀររបស់គ្រួសារអតីតមេដឹកនាំក្រុមនេះ គឺពលរដ្ឋស្ថិតនៅក្នុងជីវភាពលំបាកហើយចាកចេញទៅធ្វើការនៅអាហ្រ្វិកកណ្តាលដែលបានចំណូលតែប្រមាណ១២០ដុល្លារក្នុង១ខែ៕