ព្យុះនៅវៀតណាមប៉ះពាល់មនុស្សរាប់លាននាក់និង​អណ្តូងប្រេងច្រើនកន្លែង​

អាជ្ញាធរវៀតណាមកំពុងតែរៀបចំជម្លៀសប្រជាជនជាង១លាននាក់ចេញពីតាំងភូមិសាស្ត្រទាបនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូង ដើម្បីបញ្ជៀសចេញពីគ្រោះថ្នាក់ ខណៈខ្យល់ព្យុះឈ្មោះ តឹមប៊ិន បានបោកបក់ទៅដល់ដែលអាចមានទាំងទឹកជំនន់និងបាក់ស្រុតដី។

ទន្ទឹមនឹងការប្រកាសជម្លៀសពលរដ្ឋនេះ អាជ្ញាធរវៀតណាម​ក៏បានប្រកាសឲ្យមានត្រៀមប្រុងប្រយ័ត្នខ្ពស់ដល់អណ្តូងជីក​យកប្រេង និង ទូកនេសាទនៅក្នុងសមុទ្រជាង៦២ ០០០ ត្រូវរៀបចំត្រៀមការពារដើម្បីធានាពីសុវត្ថិភាព។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានថ្លែងថា ពួកគេបានជួយមនុស្សជាង៧៤ ០០០នាក់ចេញពីតំបន់គ្រោះថ្នាក់ ហើយថាកំពុងតែរៀបចំជម្លៀសពលរដ្ឋជាង១លាននាក់​នៅក្នុងខេត្តក្រុងចំនួន១៥ ទៅរកកន្លែងមានសុវត្ថិភាព។​

នាយករដ្ឋមន្ត្រីវៀតណាម​ លោក ង្វ្រៀន សួនផុក បានបញ្ជាឲ្យបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពនៅកន្លែងជីកយកប្រេង ហើយថា បើហានិភ័យខ្លាំងអាចបិទអណ្តូងប្រេង ហើយជម្លៀសកម្មករចេញទៅរកកន្លែងមានសុវត្ថិភាព។​

សាលារៀន និងក្រុមហ៊ុនជាច្រើននៅនៅក្នុងទីក្រុងហូជីមិញ ជាទីក្រុងនៅភាគខាងត្បូងត្រូវបានបិទទ្វារផ្អាកដំណើរការដោយសារតែឥទ្ធិពលនៃខ្យល់ព្យុះនេះ។​

កាលពីថ្ងៃអាទិត្យខ្យល់ព្យុះតឹមប៊ិន​បានវាយប្រហារខ្លាំងនៅលើកោះស្ព្រាតលី នៅក្នុងសមុទ្រចិនខាងត្បូង ជាទីកន្លែងដែលមានជម្លោះរវាងប្រទេសជាច្រើនពិសេសគឺរវាងចិន និងវៀតណាម​។ ប៉ុន្តែមិនមានរបាយការណ៍នៃចំនួនអ្នកស្លាប់ ឬរងរបួសរបួសនៅទីនោះទេ។​

ប្រទេសវៀតណាមមានស្ថានភាពដូចប្រទេសហ្វីលីពីន គឺប្រឈម​ខ្យល់ព្យុះរាល់ឆ្នាំ តែងតែបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងខូចខាតទ្រព្យសម្បត្តិ។

ខ្យល់ព្យុះតឹមប៊ិន គឺជាព្យុះទី១៦ ដែលបានវាយប្រហារទៅលើប្រទេសវៀតណាមនៅក្នុងឆ្នាំនេះ ហើយបានបណ្តាលឲ្យមនុស្ស៣៩០នាក់បានស្លាប់ និងបាត់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ