ចិនកំពុង​ពង្រីកឥទ្ធិពលរបស់ខ្លួន​បន្ថែមលើប្រទេសមីយ៉ាន់ម៉ា

មេអំបៅ រូប ទង់ជាតិចិន និង ទង់ជាតិមីយ៉ាន់ម៉ា

ចិនបានរៀបចំការធ្វើពិពណ៌ពាណិជ្ជកម្មចិន-មីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារម្សិលមិញ នៅក្នុងខេត្តយុនណាន (Yunnan) ស្ថិតនៅក្នុងភាគអាគ្នេយ៍នៃប្រទេសចិន ដែលធ្វើឡើងក្នុងបំណងពង្រីកការធ្វើពាណិជ្ជកម្មទ្វេរភាគីនៃប្រទេសទាំងពីរដែលមានព្រំដែន​ជាប់គ្នានេះ។

​នេះគឺជាពិពណ៌រួមគ្នារវាងប្រទេសទាំងពីរដែលធ្វើឡើងលើកទី១៦  មានក្រុមហ៊ុន​ចំនួន​២៨០ចូលរួមគឺក្រៅពីក្រុមហ៊ុន​ចិន និង មីយ៉ាន់ម៉ាក៏មានក្រុមហ៊ុន​ថៃ និងវៀតណាម​ដែរ។​

ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួបានចុះផ្សាយថា នេះគឺជាសកម្មភាពធ្វើឡើងដើម្បីពង្រឹងឲ្យមានភាពកាន់តែប្រសើរឡើង​នៃភាពជាដៃគូរបស់ប្រទេសទាំងពីរ។​

របាយការណ៍របស់រដ្ឋាភិបាលចិន​បង្ហាញថា ក្នុងឆ្នាំ២០១៦ ការដោះដូរទំនិញរវាងទីក្រុង Dezhou របស់ចិន​ និង មីយ៉ាន់ម៉ាមានទំហំទឹកប្រាក់ជិត៥ប៊ីលានដុល្លារ ដែលស្មើនឹង៤០,៥ភាគរយនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ។​

តាមការចុះផ្សាយរបស់ The Diplomat ឲ្យដឹងថា ចិនមានឥទ្ទិពលលើប្រទេសមីយ៉ាន់ម៉ា បីទសវត្សរ៍ចុងក្រោយនេះគឺចិនជាប្រទេសធំបំផុតនៃដៃគូពាណិជ្ជកម្ម​ដែលវិនិយោគផ្ទាល់ក្នុងប្រទេសមីយ៉ាន់ម៉ា។ ផលិតផលដែលមីយ៉ាន់ម៉ានាំទៅលក់នៅប្រទេសចិនមាន ផលិតផលកសិកម្ម សត្វចិញ្ចឹម និងធនធានរ៉ែ។ ចំណែក​ផលិតផលដែលចិននាំលក់ឲ្យមីយ៉ាន់ម៉ាវិញរួមមាន ម៉ាស៊ីន គ្រឿងអេឡិចត្រូនិច និងផលិតផលកែច្នៃហើយផ្សេងៗទៀត។​

គិតចាប់ពីឆ្នាំ១៩៨៨មក ទឹកប្រាក់ជាង១៤ប៊ីលានដែលចិនវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺស្មើនឹង១ភាគ៣នៃចំនួនវិនិយោគពីបណ្តាប្រទេសអាស៊ានវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា។​ ទំហំនេះកាន់តែកើនឡើងថែមទៀតនៅពេលដែល​ដំណើរការភ្ជាប់បំពង់បង្ហូរឧស្ម័ននៃប្រទេសទាំងពីរ។​

ស្ថានភាពនៃការវិនិយោគរបស់ក្រុមហ៊ុន​ចិនមិនបានធ្វើឲ្យពលរដ្ឋមីយ៉ាន់ម៉ាសប្បាយចិត្តជាមួយ ណាស់ណាទេ ដោយសារតែគម្រោងជាច្រើនពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ ការជីកកាយយកធនធានធម្មជាតិ និង បានធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ និង ដោយប្រយោលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ​ពិសេសពលរដ្ឋក្រីក្រ។

ដូរនយោបាយក្នុងប្រទេស

លោក ថេន សេន ពិភាក្សាការងារជាមួយលោក អូបាម៉ា

នៅក្នុងដំណាក់កាលប្រែប្រួលនយោបាយ​ពីយោធា មកពាក់កណ្តាលយោធា ក្រោមការដឹកនាំរបស់លោក ថេន សេន ចាប់ពីឆ្នាំ​២០១១ ដល់២០១៦គឺមានការប្រែប្រួលច្រើនទាំងសេដ្ឋកិច្ច និង នយោបាយ ដោយមេដឹកនាំរូបនេះ ព្យាយាម​ទំនាក់ទំនងជាមួយបណ្តាលប្រទេសលោកសេរី រួមទាំងសហរដ្ឋអាមេរិក និង បណ្តាប្រទេសនៅអឺរ៉ុប ពេលនោះទណ្ឌកម្មក៏មានការដកចេញជាបន្តបន្ទាប់ជំនួសមកវិញគឺជំនួយ និង ការវិនិយោគ។​

រយៈពេលនៃការដឹកនាំរបស់លោក ថេន សេន ក្រៅពីការវិនិយោគរបស់ចិនក៏មានការវិនិយោគពីបណ្តាប្រទេសផ្សេងៗទៀតគឺ ការវិនិយោគពីជប៉ុន និង សិង្ហបុរីបានលេចមុខជាងគេ​។​

កាលពីខែមិថុនា ឆ្នាំ២០១៧ ទីភ្នាក់ងារវិនិយោគរបស់សិង្ហបុរីIE  បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមីយ៉ាន់ម៉ា ដែលកិច្ចព្រមព្រៀងនោះបានអនុញ្ញាតឲ្យសិង្ហបុរីអាចសិក្សានិង វិនិយោគលើគម្រោងរៀបចំលំនៅឋាននៅក្នុងទីក្រុង ផ្តត់ផ្គង់សម្ភារមធ្យោបាយដឹកជញ្ជូន ដំណើរការរោងចក្រផលិតទំនិញ សិក្សាលើប្រេង និង ឧស្ម័ន និង ជួយ​លើ​ជំនាញនៃការផ្តល់សេវាផ្សេងៗទៀត។​

ចំណុចទាំងនេះបង្ហាញពីភាពស្ទុះលឿននៃការទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសមីយ៉ាន់ម៉ា និង ប្រទេសសិង្ហបុរី។​

ចំណែក​ការបោះទុនវិនិយោគរបស់ជប៉ុន​នៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏កំពុងកើនឡើងខ្លាំងដែរ។ តំបន់សេដ្ឋកិច្ចពិសេសThilawa ជាការវិនិយោគរួមគ្នារវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និង ជប៉ុន។​

ក្រុមហ៊ុន​ធំៗចំនួន​៣របស់ជប៉ុន​រួមមាន Marubeni, Sumitomo, និង Mitsubishi បានបោះទុនធំនៅតំបន់សេដ្ឋកិច្ចពិសេស Thilawa ហើយក្រុមហ៊ុនរបស់ជប៉ុន​ចំនួន​២១ទៀតក៏បោះទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះដែរ ។ តំបន់សេដ្ឋកិច្ចពិសេស Thilawa មានទំហំ២៥០០ហិកតា ជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំនៅអាស៊ី ដែលមានចម្ងាយ២៥គីឡូម៉ែត្រពីរដ្ឋធានីយ៉ង់ហ្គោន។​​

បញ្ហាវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

រូបលោកស្រី អ៊ុង សានស៊ូជី និង រូបជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅពីក្រោយ

បញ្ហាវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលផ្ទុះឡើងកាលពីខែសីហា កន្លងទៅបានធ្វើឲ្យប្រទេសនេះ ប្រឈមមុខជាថ្មីជាមួយប្រទេសលោកសេរី និង អង្គការអន្តរជាតិ​។ ទន្ទឹមនឹងការថ្កោលទោសសហរដ្ឋអាមេរិក​ក៏បានផ្អាកជំនួយដល់យោធា និង កាត់បន្ថយការទំនាក់ទំនងមួយចំនួនដែរ។​

ខណៈ មីយ៉ាន់ម៉ាកំពុងមានការប្រឈមមុខជាមួយប្រទេសលោកសេរី ដោយសារតែបញ្ហាវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ានោះ ចិនក៏បាន​បង្ហាញជំហរផ្តល់ភាពកក់ក្តៅដល់ប្រទេសមីយ៉ាន់ម៉ា។ កាលពីថ្ងៃទី២៣ខែវិច្ឆិកា លោក លី ហ្សួងចេង តំណាងឲ្យគណៈកម្មការកណ្តាលនៃយោធាចិន​បានថ្លែងប្រាប់មេបញ្ជាការកងទ័ពរបស់មីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ថា ចិនកំពុងតែរៀបចំធ្វើឲ្យការទំនាក់ទំនងលើវិស័យការពារបស់ចិន និងមីយ៉ាន់ម៉ាកាន់តែប្រសើរឡើង។​

នៅក្នុងដំណាក់កាលនេះ អាចជាឱកាសថ្មីដែលចិន​ត្រូវចាប់ផ្តើម​ពង្រឹងឥទ្ធិពលរបស់ខ្លួន​បន្ថែមទៀតទៅលើប្រទេសមីយ៉ាន់ម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ