អាមេរិកកាត់ប្រាក់បរិច្ចាគដល់ UN ក្រោយជម្លោះនៅជេរ៉ូសាឡឹម​

សហរដ្ឋអាមេរិកបានប្រកាសកាត់ផ្តាច់ថវិកាបរិច្ចាគដល់អង្គការសហប្រជាជាតិ ក្រោយពេលដែលអង្គសន្និបាតនៃស្ថាប័ននេះបានសម្រេចប្រឆាំងការចង់បានរបស់ប្រធានាធិបតីអាមេរិកលើបញ្ហាវិបត្តិនៅរដ្ឋធានីជេរូសាឡឹម។​

រដ្ឋធានីវ៉ាស៊ីនបានប្រកាសថា បានជួយដល់ស្ថាប័នលំដាប់ពិភពលោកនេះឲ្យមានដំណើរការល្អ ហើយក៏ត្រូវតែគិតផលប្រយោជន៍របស់អាមេរិកជាធំ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន Bernama។​

មន្ត្រីរបស់អង្គការសហប្រជាជាតិ​ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Bernama ដោយមិនបង្ហាញឈ្មោះថា ពេលនេះ​ស្ថានភាពហិរញ្ញវត្ថុសម្រាប់ដំណើរការអង្គការសហប្រជាជាតិកំពុងមានបញ្ហា ក្រោយពេល​អាមេរិក​ប្រកាសកាត់ការជួយឧបត្ថម្ភ។​

ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅអង្គការសហប្រជាជាតិ​លោក នីគិ ហាឡី​ បានប្រកាសពីការកាត់លុយបរិច្ចាគចំនួន​២៨៥លានដុល្លារ ក្នុងចំណោមទឹកប្រាក់ចំនួន​៥,៤ ប៊ីលានដុល្លារដុល្លារដែលអាមេរិកត្រៀមជួយដល់ដំណើរការអង្គការសហប្រជាជាតិ​ពីឆ្នាំ២០១៨ដល់២០១៩។​

តាមខ្លឹមសារនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានកំណត់ថា អាមេរិក​ជាបរិច្ចាគលុយច្រើនជាងគេគឺក្នុងនោះមានដល់​២២%។​ ក្នុងប្រតិបត្តិការកាលពីឆ្នាំមុន​អាមេរិក​បានបរិច្ចាគដល់១,២ប៊ីលានដុល្លារ ដែលស្មើនឹង២៨,៥%នៃចំនួន​កញ្ចប់ថវិកាចំណាយសរុបរបស់អង្គការសហប្រជាជាតិ​នៅឆ្នាំ២០១៧និង២០១៨។

បញ្ហាឈានដល់ការកាត់ប្រាក់ឧត្ថម្ភនេះ ពាក់ព័ន្ធវិបត្តិនៅរដ្ឋធានីជេរ៉ូសាឡឹម​។ កាលពីថ្ងៃទី៦ខែធ្នូប្រធានាធិបតីអាមេរិក​បានប្រកាសទទួលស្គាល់ថា រដ្ឋធានីជេរ៉ូសាឡឹម ជារបស់អ៊ីស្រាអែល​។​

ការប្រកាសរបស់លោកត្រាំនេះ នាំមានប្រតិកម្មពីប្រទេសកាន់សាសនាឥស្លាមនានានៅលើពិភពលោក​ និង ការតវ៉ាកើតឡើងពីសំណាក់ពលរដ្ឋប៉ាឡេស្ទីន។​

ក្រោយមកមានការកោះប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន​១៥ប្រទេស ដែលក្នុងចំណោមមានទាំងអាមេរិកផងគឺ ១៤ប្រទេសផ្សេងទៀតបោះឆ្នោតឲ្យដកការសម្រេចរបស់លោកត្រាំ ឲ្យទុកករណីនេះឲ្យមានការដោះស្រាយតាមរយៈការចរចា រវាងភាគីពាក់ព័ន្ធ។

ក្រោយមកទៀតមានការកោះប្រជុំអង្គសន្និបាតនៃអង្គការសហប្រជាជាតិចំនួន​១៩៣ប្រទេស ហើយសេចក្តីច្រើនលើសលប់គឺប្រឆាំងអាមេរិក។ ក្នុងនោះគឺ១២៨សំឡេងបោះឆ្នោតគាំទ្រឲ្យដកសេចក្តីសម្រេចរបស់អាមេរិក​លើជម្លោះនៅជេរ៉ូសាឡឹម។

​ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅអង្គការសហប្រជាជាតិ​លោក នីគិ ហាឡី​ បានព្រមាន​កត់ចំណាំប្រទេសឈ្មោះប្រទេសណាដែលបានបោះឆ្នោតប្រឆាំងអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ