អាជ្ញាធរថៃបានឃាត់ខ្លួនបុរសម្នាក់ដែលសង្ស័យថា ជាសមាជិកក្រុមភេរវកម្ម IS នៅក្នុងប្រទេសប៉ាគីស្ថាន ខណៈបុរសរូបនោះធ្វើដំណើរតាមយន្តហោះរបស់ថៃពីប៉ាគីស្ថានទៅទីក្រុងបាងកក។
តាមអង្គភាពចារកម្មរបស់ថៃបានឲ្យដឹងថា គោលដៅនៃការធ្វើដំណើររបស់បុរសរូបនោះគឺប្រទេសម៉ាឡេស៊ី ប៉ុន្តែត្រូវចុះចត និងត្រួតពិនិត្យនៅក្នុងប្រទេសថៃសិន។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។
សមត្ថកិច្ចថៃ ក៏បានរំឭកដល់អាជ្ញាធរម៉ាឡេស៊ី ពីសញ្ញានៃការប៉ុនប៉ងវាយប្រហារដោយក្រុមភេរវកម្មនៅក្នុងប្រទេសម៉ាស៊ី ពិសេសថ្ងៃបុណ្យគ្រីស្មាសកន្លងទៅថ្មីៗនេះ។
ចំណែកអាជ្ញាធរម៉ាឡេស៊ីមិនបានបញ្ជាក់ថា កន្លែងណា ឬ ពេលណាដែលប្រឈមមុខជាមួយក្រុមភេរវកម្មទាំងនេះទេ គ្រាន់តែបញ្ជាក់ថា មានការត្រៀមប្រុងប្រយ័ត្នជានិច្ចនៅតាមតំបន់សំខាន់ៗ។
អាជ្ញាធរថៃបានថ្លែងប្រាប់អ្នកសារព័ត៌មានថា យុវជនរូបនោះឈ្មោះ Al Muhd Alfie Kqhyriel គឺជាជនជាតិម៉ាឡេស៊ី ត្រូវឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិ Jinnah នៅការ៉ាជី ពេលឡើងលើយន្តហោះរបស់ថៃ ជើងហោះហើរ TG 342 គោលដៅទៅបាងកក។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសចំនួន៣ រងការគំរាមកំហែងខ្លាំងជាងគេពីការវាយប្រហាររបស់ក្រុមរដ្ឋឥស្លាមគឺប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី និង ប្រទេសម៉ាឡេស៊ី។ ក្រុម IS ត្រូវសមត្ថកិច្ចនៅក្នុងប្រទេសទាំងបីឃាត់ខ្លួនបន្តបន្ទាប់ដោយខ្លះចោទថា រៀបចំគម្រោងវាយប្រហារ និងខ្លះទៀតកំពុងធ្វើសកម្មភាពគៀងគររកលុយដើម្បីជួយដល់សកម្មភាពភេរវកម្មជាដើម៕