តុលាការវៀតណាមកាលពីថ្ងៃពុធម្សិលមិញបានសម្រេចផ្តន្ទាទោសមនុស្សចំនួន១៥នាក់ ដែលរងការចោទថា ជាក្រុមភេរវកម្មបានប៉ុនប៉ងវាយប្រហារ ព្រលានយន្តហោះដែលមមាញឹកមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកាលពីពេលកន្លងទៅ។
ការវាយប្រហារដោយភេរវកម្មនៅក្នុងប្រទេសវៀតណាមគឺកម្រកើតមានណាស់ បញ្ហានៅក្នុងប្រទេសនេះភាគច្រើនតែងតែរងការចោទថា រដ្ឋាភិបាលបានចាប់អ្នកតស៊ូមតិតាមរយៈការសរសេរប្លក់ ឬ ក្រុមមេធាវីការពារសិទ្ធិមនុស្សដាក់ពន្ធនាគារ។
កាសែតរបស់រដ្ឋវៀតណាម Thanh Nien បានចុះផ្សាយថា កាលពីថ្ងៃពុធម្សិលមិញ តុលាការក្រុងហូជីមិញ បានសម្រេចផ្តន្ទាទោសមនុស្ស១៥នាក់ ឲ្យជាប់ពន្ធនាគារចាប់ពី៥ទៅ១៦ឆ្នាំ ពាក់ព័ន្ធនឹងការចោទថា ប៉ុនប៉ងបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះអន្តរជាតិ Tan Son Nhat ជាកន្លែងពាណិជ្ជកម្មដែលមមាញឹកខ្លាំង។
តាមកាសែតរដ្ឋវៀតណាមបានបញ្ជាក់ថា មនុស្សទាំង១៥នាក់នេះ រកឃើញថា បានទំនាក់ទំនងជាមួយក្រុមនៅក្រៅប្រទេសដើម្បីទទួលបានលុយយកទិញអាវុធ ក្នុងការរៀបចំវាយប្រហារក្នុងថ្ងៃបុណ្យរួបរួមជាតិវៀតណាមកាលពីខែមេសា ប៉ុន្តែត្រូវសមត្ថកិច្ចដឹង និងទប់ស្កាត់បានមុន។
ទោះយ៉ាងណា ករណីអំពើភេរវកម្មនេះមិនមានការបើកទូលាយព័ត៌មាននោះទេ។ នៅក្នុងប្រទេសវៀតណាម បទល្មើសទាក់ទងអំពើភេរវកម្មអាចមានទោសដល់ប្រហារជីវិត។
នៅថ្ងៃអង្គារដើមសប្តាហ៍នេះ រដ្ឋាភិបាលវៀតណាមបានបង្ហាញពីក្រុមការងារពិសេសដែលមានគ្នា១០ ០០០នាក់ ទុកសម្រាប់ធ្វើការទប់ស្កាត់បទល្មើសតាមប្រព័ន្ធអ៊ិនធើណែត។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP គឺក្នុងចំណោមប្រជាពលរដ្ឋវៀតណាម៩៣លាននាក់ គឺមានចំនួនពាក់កណ្តាលកំពុងតែប្រើប្រាស់អ៊ិនធើណែត ក្នុងការទំនាក់ទំនងគ្នា៕