គីម ជុងអ៊ុន ជំរុញ​ឲ្យ​ផលិត​គ្រាប់​បែក​នុយក្លេអ៊ែរ​ និង​មីស៊ីល​កាន់​តែ​ធំ

មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ជំរុញ​ទៅ​ប្រទេស​របស់​លោក ឲ្យ​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ និង​គ្រាប់​មីស៊ីល​កាន់​តែ​ធំ នៅ​ក្នុង​សារ​មួយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នា​ថ្ងៃ​នេះ។ នេះ​ដោយ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើ​តាម AFP ការ​ថ្លែង​បែប​នេះ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​រូប​នេះ បញ្ជាក់​ថា លោក​នឹង​បន្ត​ជំរុញ​កម្មវិធី​ផលិត​អាវុធ​របស់​ប្រទេស​នេះ ដែល​បាន​បង្ក​ឲ្យ​មាន​ទណ្ឌកម្ម​ពី​អន្តរជាតិ។

ក្រុង​ព្យុងយ៉ាង​បាន​ប្រឹង​ប្រែង​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​មហា​អំណាច​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០១៧ បើ​ទោះបី​ជា​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​អន្តរជាតិ និង​ការ​គំរាម​កំហែង​ពី​អាមេរិក​យ៉ាង​ណា​ក៏​ដោយ។

ក្នុង​សារ​ប្រចាំ​របស់​លោក លោក គីម បាន​ថ្លែង​ថា៖ «យើង​ត្រូវ​តែ​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប និង​បង្កើន​ការ​ដាក់​ពង្រាយ»។ លោក​បាន​បន្ថែម​ថា កូរ៉េ​ខាង​ជើង​បាន​សម្រេច​គោល​ដៅ​របស់​ខ្លួន ក្លាយ​ទៅ​ជា​រដ្ឋ​នុយក្លេអ៊ែរ។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​រូប​នេះ បាន​ត្រួត​ពិនិត្យ​មើល​លើ​ការ​ធ្វើ​តេស្ដ​គ្រាប់​មីស៊ីល​ជា​ច្រើន​សារ​នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ និង​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី​៦ និង​ខ្លាំង​ក្លា​បំផុត ដែល​ក្រុង​ព្យុងយ៉ាង​ប្រកាស​ថា ជា​គ្រាប់​បែក​អ៊ីដ្រូសែន​កាល​ពី​ខែ​កញ្ញា​កន្លងម​ក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ