គីម ជុងអ៊ុនថា បើក​ចំហរ​ជជែក​នឹង​​កូរ៉េ​ខាង​ត្បូង ខណៈ​ព្រមាន​ប្រើ​គ្រាប់​បែក​នុយក្លេអ៊ែរ

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា លោក គីម ជុងអ៊ុន បាន​ព្រមាន​អាមេរិក​នៅ​ថ្ងៃ​នេះ​ថា លោក​មាន​ប៊ូតុង​នុយក្លេអ៊ែរ​​នៅ​លើ​តុ​របស់​លោក សម្រាប់​ប្រើ​ប្រាស់ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​រង​ការ​គំរាម​កំហែង ប៉ុន្តែ បើក​ផ្លូវ​សម្រាប់​ជជែក​ជាមួយ​កូរ៉េ​ខាង​ត្បូង ដោយ​លោក​ថា លោក​បើក​ចំហរ​សម្រាប់​ការ​ពិភាក្សា​ជាមួយ​ក្រុង​សេអ៊ូល។

បន្ទាប់​ពី​គ្រប​ដណ្ដប់​ទៅ​ដោយ​ភាព​តាន​តឹង​ និង​ការ​គំរាម​កំហែង​ដាក់​គ្នា​យ៉ាង​បែក​ផ្សែង​ជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង លោក គីម បាន​ប្រើ​ប្រាស់​សារ​ចូល​ឆ្នាំ​ថ្មី​របស់​លោក ដើម្បី​អំពាវ​នាវ​ឲ្យ​បន្ថយ​ភាព​តាន​តឹង​ផ្នែក​យោធា​នៅ​លើ​ឧបទ្វីប​កូរ៉េ​ និង​កែលម្អ​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង។

លោក គីម ថ្លែង​តាម​ទូរទស្សន៍​ថា៖ «នៅ​ពេល​និយាយ​ដល់​ទំនាក់​ទំនង​ខាង​ជើង-ខាង​ត្បូង យើង​គួរ​តែ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ផ្នែក​យោធា​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​ ដើម្បី​បង្កើត​បរិយាកាស​សន្តិភាព។ ប៉ុន្តែ ទាំង​ខាង​ជើង និង​ខាង​ត្បូង គួរ​តែ​ប្រឹង​ប្រែង»។

លោក គីម បាន​ថ្លែង​ថា លោក​នឹង​ពិចារណា​ប្រតិភូ​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងារ ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង​ព្យុងឆាង នៅ​កូរ៉េ​ខាង​ត្បូង នៅ​ខែ​កុម្ភៈ។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​និយាយ​ថា ការ​ចូលរួម​របស់​កូរ៉េ​ខាង​ជើង នឹង​ធានា​នូវ​សុត្ថិភាពរបស់​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ព្យុងឆាង ហើយ​លោក​ស្នើ​កាល​ពី​ខែ​មុន​ថា ក្រុង​សេអូល និង​ក្រុង​វ៉ាស៊ីងតោន ពន្យា​ពេល​នៃ​ការ​ធ្វើ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ ដែល​សមយុទ្ធ​នោះ ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​ថ្កោល​ទោស ចាត់​ទុក​ជា​ទង្វើ​បង្ក​សង្គ្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ