នគរបាលជាតិ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៨នាក់ បានរងរបួស បន្ទាប់ពីការផ្ទុះកាំជ្រួច អំឡុងពេលនៃការបាញ់កាំជ្រួចឆ្លងឆ្នាំថ្មីយប់ថ្ងៃទី៣១ ខែធ្នូ ឈានចូលថ្ងៃទី០១ ខែមករា នៅខេត្តកែប។ នេះបើតាមវេបសាយនគរបាលជាតិ។
វេបសាយនគរបាលជាតិ បានរាយការណ៍ថា ឧប្បទ្ទវហេតុឆេះកាំជ្រួចដែលអាជ្ញាធរខេត្តកែបគ្រោងបាញ់នៅឆ្នេរកែបនោះ បានកើតឡើងនៅម៉ោងជិត ១២យប់ថ្ងៃទី៣១ ខែធ្នូ ដោយបណ្ដាលឲ្យមនុស្ស ៨នាក់ ក្នុងនោះមានស្ត្រី ៣នាក់ផងដែរ រងរបួសស្រាល។
បើតាមវេបសាយនគរបាលជាតិ អ្នករងរបួសក្នុងឧប្បទ្ទវហេតុផ្ទុះឆេះកាំជ្រួចនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកែប ហើយបានចាកចេញត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេភ្លាមៗផងដែរ។
គេហទំព័រដដែលនេះ អះអាងថា គ្រោះថ្នាក់ផ្ទុះឆេះកាំជ្រួចនោះ ត្រូវបានសមត្ថកិច្ចពន្លត់បានជាស្ថាពរនៅម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រ ជាមួយការប្រើឡានទឹកពន្លត់អគ្គិភ័យ ៤គ្រឿង៕