ចិននិងឥណ្ឌាកំពុងដណ្តើមគ្នាគ្រប់គ្រងលើនេប៉ាល់​

រដ្ឋាភិបាលថ្មីរបស់នេប៉ាល់ នៅឆ្នាំ២០១៨ កំពុងតែប្រកាសថា ខ្លួនធ្វើយ៉ាងណារក្សាជំហរក្នុងការទំនាក់ទំនងការបរទេសជាមួយប្រទេសមហាយក្សពីរនៅអាស៊ីគឺប្រទេសចិន និង ប្រទេសឥណ្ឌា ប៉ុន្តែប្រទេសទាំងពីរសុទ្ធតែចង់ប្រើប្រាស់ឥទ្ធិពល និង ទាញផលប្រយោជន៍ពីប្រទេសនេប៉ាល់​។​

គោលនយោបាយបរទេសរបស់នេប៉ាល់ កន្លងមកមិនបានផ្តោតលើការរក្សាតុល្យភាពនៃអំណាចរវាងចិន និង ឥណ្ឌាទេ ខណៈនេប៉ាល់មានកិច្ចព្រមព្រៀងជាច្រើនក្នុងការទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសទាំងពីរ។​

ការប្រឈមមុខដាក់គ្នារវាងប្រទេសចិន និង ឥណ្ឌានៅតាមព្រំដែន​ក្នុងឆ្នាំ២០១៧ ត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាសម្ពាធកាន់តែខ្លាំងលើប្រទេសនេប៉ាល់ជាប្រទេសតូចមួយដែលស្ថិតនៅចន្លោះកណ្តាលនៃបណ្តោយព្រំដែនប្រទេសមហាយក្សទាំងពីរ។​

នេប៉ាល់គឺជាប្រទេសដែលមានផ្ទៃដី១៤៧ ១៨១ គីឡូម៉ែត្រការ៉េ មានប្រជាជន​ជាង២៨លាននាក់​ ចំណែក​ ចិនមានផ្ទៃដីជាង៩លាន៥សែនគីឡូម៉ែត្រការ៉េ មានប្រជាជនជាង១,៣ ប៊ីលាននាក់​ ឥណ្ឌា មានផ្ទៃដី ជាង៣ លានគីឡូម៉ែត្រការ៉េ មានប្រជាជនជាង១,៣ប៊ីលាននាក់។ បើប្រៀបធៀបគឺប្រទេសនេប៉ាល់ដូចជាកូនស្រម៉ោចមួយនៅចន្លោះកណ្តាល​ដំរីធំ​ពីរ។​

តាមការវិភាគរបស់ Global Time និងសារព័ត៌មាន​អន្តរជាតិផ្សេងៗទៀត លើកឡើងថា នៅឆ្នាំ២០១៨នេះ និង មានការប្រឈមមុខគ្នារវាងចិន និង ឥណ្ឌាបន្ថែមទៀត ហើយមានសម្ពាធកាន់តែខ្លាំងលើប្រទេសនេប៉ាល់។​

ទោះជាយ៉ាងណា នេប៉ាល់នៅតែបញ្ជាក់ជំហរថា រក្សាគោលនយោបាយការបរទេសរបស់ខ្លួន​ឯករាជ្យមិនប្រកាន់ក្រុមណាមួយនោះទេ។​ នេប៉ាល់ធ្លាប់ចុះហត្ថលេខាសន្តិភាព និងមិត្តភាពជាមួយឥណ្ឌាកាលពីឆ្នាំ១៩៥០ ហើយបានចុះហត្ថលេខាគោលនយោបាយ​ ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន​ ចំណែក​ចិនកំពុងតែបង្កើនការវិនិយោគនៅក្នុងប្រទេសនេប៉ាល់។​

នេប៉ាល់ចង់ឈរជាប្រទេសមួយដែលស្មើមុខជាមួយចិន និង ឥណ្ឌាលើឆាកអន្តរជាតិក្នុងនាមជាប្រទេសមួយ ដែលមានឯករាជ្យ និង បូរណភាពទឹកដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ