អង្គការ​តំបន់​មួយ​ស្នើកម្ពុជាឲ្យ​បញ្ឈប់​​ប្រើ​ច្បាប់​ព្រហ្ម​ទណ្ឌប្រឆាំង​អ្នក​កាសែត

អតីត​អ្នកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ធ្វើដំណើរចេញពីតុលាការ (ជន ចាន់រ៉ែន)

សម្ព័ន្ធ​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ ​បានជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់ការ​ប្រើ​ប្រាស់ច្បាប់​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​​អ្នកកា​សែត​​ដែល​ធ្វើ​ការ​ក្នុងវិជ្ជាជីវៈ​របស់​ពួកគេ ដោយ​ថា សកម្ម​ភាព​បែប​នេះ​ បាន​បំភិត​បំភ័យ​ដល់​អ្នក​កាសែត​ផ្សេង​ទៀត​ក្នុង​ការបំពេញ​ការ​ងារ​របស់​ពួកគេ។

គិត​ត្រឹម​ថ្ងៃ​២ ខែ​មករា​នេះ ​អ្នក​សារ​ព័ត៌មាន​ និង​អតីត​អ្ន​ក​សារព័ត៌មាន​ចំនួន​ ៥រូប​ហើយ​ ត្រូវ​បាន​ចាប់​ខ្លួន ឬ​ក៏​​ប្រឈម​មុខ​នឹង​បណ្ដឹង​ទៅ​តុលាការ នៅ​ក្រោម​ច្បាប់​ព្រហ្ម​ទណ្ឌ ក្នុង​នោះ​មាន​​អតីត​អ្នក​សារព័ត៌មាន​កាសែត ខេមបូឌា ដេលី លោក អូន ភាព និង​លោក Peter Zomber នាយក​រង​វិទ្យុ​អាស៊ី​សេរី លោក ជុន ច័ន្ទបុត្រ និង​អតីត​សហការី ២​រូបរបស់​វិទ្យុ​មួយ​នេះ លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា។

ក្នុង​របាយការណ៍​នៃ​ការ​អង្កេត​ទៅ​លើ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​កម្ពុជាដែល​ចេញ​ផ្សាយ​កាលពី​ចុង​ឆ្នាំ​២០១៧ សម្ព័ន្ធ​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា SEAPA បាន​លើក​ឡើង​ថា ​ការ​ប្រើប្រាស់​​ច្បាប់​ព្រហ្មទណ្ឌ​ពី​លើ​ច្បាប់​សារព័ត៌មាន​ឆ្នាំ​១៩៩៥ ចំពោះ​បទ​ល្មើសដែល​ប្រព្រឹត្ត​ដោយ​អ្នកសារព័ត៌មានទាក់​ទង​នឹង​ការ​ងារ​របស់​ពួកគេ​ គឺជា​ការ​ចោ​ទ​ប្រកាន់​ដែល​​ធ្ងន់​ធ្ងរ​ និង​បាន​បំភិត​បំភ័យ​ដល់​អ្នក​ការ​សែត​ផ្សេង​ទៀត​ ជាពិសេស​អ្នក​សារព័ត៌មាន​ឯក​រាជ្យ។

របាយការណ៍​នោះ​លើកឡើង​ថា៖ «ឧទាហរណ៍ អ្នក​យកព័ត៌មាន​ពីរនាក់​របស់​វិទ្យុ​អាស៊ីសេរី ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពីបទចារកម្ម ពីបទ​បានបន្ត​ផ្តល់ព័ត៌មាន​ដល់អតីត​និយោជក​របស់​ខ្លួន​។ ការចោទ​ប្រកាន់​ធ្ងន់ធ្ងរនេះ ​គឺជា​ទម្រង់​មួយ​នៃការ​បំភិត​បំភ័យ​ដល់អ្នកកាសែតដទៃទៀតនៅក្នុង​ប្រទេស​​ជាពិសេស​អ្នក​កា​សែត​ឯក​រាជ្យ​។ បេសកកម្មនេះ​ បាន​រក​ឃើញថា ព្រះរាជអាជ្ញា​ជ្រើសរើស​យក​ការចោទ​ប្រកាន់​ពីបទចារ​កម្ម​​ដែល​ជា​ប្រពៃណី​ស្រប​ច្បាប់​នៃ​បទឧក្រិដ្ឋ​ដែលត្រូវបានប្រព្រឹត្ត​នៅពេលដែលប្រទេសមួយ​កំពុង​មាន​សង្រ្គាម»។

មាត្រា​១០ ​នៃ​ច្បាប់​ស្តី​អំពី​របប​សារព័ត៌មាន​ បាន​ចែងថា​ បើ​តុលាការ​រកឃើញ​ថា ការ​ផ្សាយ​ណា​មាន​លក្ខណៈ​ខុស​ពីការពិត​តាម​បណ្តឹង​​របស់​ដើម​​បណ្តឹង​រដ្ឋប្បវេណី តុលាការ​អាច​បង្គាប់​ឲ្យ​សារព័ត៌មាន​នោះ​ចុះ​ផ្សាយ​​នូវ​​ការកែ​តម្រូវ​ ឬ​​ការ​សង​ជំងឺចិត្ត។​

អ្នក​នាំពាក្យក្រសួង​យុត្តិ​ធម៌​លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា ច្បាប់​ស្តីពី​របប​សារព័ត៌មាន​គ្រាន់​តែ​ជា​ការធានា​ដល់​វិជ្ជា​ជីវៈ​ដល់​អ្នក​សារព័ត៌មានក្នុង​ការ​ប្រកប​ការ​ងាររបស់​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ សម្រាប់​​កំហុស​មួយ​ចំនួន​ដែល​ហួស​ពី​វិជ្ជាជីវៈនៃ​សារព័ត៌មាន​នោះ​ លោកថា អ្នក​សារព័ត៌មាន​ទាំង​នោះ​ ត្រូវ​ប្រឈម​នឹងការ​ទទួល​ខុស​ត្រូវ​លើ​ច្បាប់ផ្សេង​ដែល​បាន​កំណត់​។

លោកថា៖ «កំហុស​មួយ​ចំនួន​ វា​លើស​ពី​កំហុស​វិជ្ជា​ជីវៈ​ហ្នឹង​ទៅ​ទៀត គឺ​វា​ចូល​ទៅ​ការ​រំ​លោភដល់​ប្បញ្ញត្តិ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ប៉ះពាល់​ដល់សណ្តាប់​ធ្នាប់​សាធារណៈ វា​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព​បុគ្គ​ល​ដែល​ការពារ​ដោយ​ច្បាប់។ អញ្ចឹង ជា​រួម ​ប្រ​ទេស​ណា​ក៏​គេ​មាន​ប្បញ្ញត្តិ​ទាំង​ពីរ​ហ្នឹង​ដែរ ក៏​ប៉ុន្តែ ​ដើម្បី​កុំ​ឲ្យ​គេប្រើ​ប្រាស់​ច្បាប់​ព្រហ្ម​ទណ្ឌ​ ទាល់​តែ​អ្នក​សារព័ត៌មាន​ហ្នឹង កុំ​ឲ្យ​ការ​បំពេញ​វិជ្ជាជីវៈ​ហ្នឹង ​ឈាន​ទៅ​រក​បទ​ល្មើស​ព្រហ្ម​ទណ្ឌ បើ​គ្រាន់​តែ​ជា​ការ​បំពាន​វិជ្ជា​ជីវៈ​អ្នក​​សារព័ត៌មាន​ អាហ្នឹង​មិន​អី​ទេ»។

នាយក​វិទ្យាស្ថានកម្ពុជា​សម្រាប់​ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈាន​ណា​រិទ្ធ​ បាន​គាំ​ទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ ​តែ​លោក​មើល​ឃើញ​ថា នៅ​ពេល​ដែល​រដ្ឋ​មួយ​មិន​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​ផ្សាយ​ពី​ចំណុ​ចអវិជ្ជមាន​របស់​ខ្លួន ​ការ​ចោទ​ប្រកាន់​នានា​មក​លើ​អ្នក​សារព័ត៌មាន បាន​កើត​មាន​​ជា​បន្ត​បន្ទាប់។

លោក​ថា៖ «យើង​ពិបាក​និយាយ​ត្រង់​ថា វា​ជា​ហេតុ​ផល​មួយ​របស់​តុលាការ​ក៏​ដូច​ជា​រដ្ឋាភិបាល​ ដើម្បី​ទប់​ស្កាត់​នូវ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គេ​យល់​ថា ជា​ព័ត៌មាន​ដែល​មាន​លក្ខណៈ​អវិជ្ជមាន​។ តែ​ខ្ញុំ​មិន​ដឹង​ថា ​ការ​ចោទ​ប្រកាន់អ្នក​សារព័ត៌មាន​ថា​ បាន​ប្រព្រឹត្ត​អំពើ​ខុស​ទៅ​នឹងច្បាប់​ព្រហ្ម​ទណ្ឌ​នោះ ​វា​ជា​ការ​ពិត​ ឬ​ក៏​មិន​ពិត​នោះ។ វា​ជា​រឿង​របស់​តុលាការ​ យើង​មិន​អាច​លូក​ដៃ​ជ្រៀ​ត​ជ្រែក​​​កិច្ចការ​តុលាការ​ទេ​ តែ​គ្រាន់​ថា ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ដែល​ប្រព្រឹត្តិខុស​វិជ្ជា​ជីវៈ​អ្នក​សារព័ត៌មាន​ អា​ហ្នឹង​វា​ជា​រឿង​ដែល​យើង​សោក​ស្តាយ​មែន​ទែន»។

អតីត​អ្នក​យក​ព័ត៌មាន​ខេមបូ​ឌា​ដេលីលោក អូន ភាព និង​លោក​ Peter Zomber ត្រូវ​បានតុលាការ​ខេត្ត​រតនៈគីរី​ចោទ​ប្រកាន់​ពីបទញុះ​ញង់ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ដែល​អាច​ប្រឈម​ទោស​ជាប់ពន្ធ​នាគារ​ដល់​​ទៅ​​២ឆ្នាំ ប៉ុន្តែ អ្នក​ទាំង​ពីរ​ត្រូវ​បាន​អនុញ្ញាត្តិ​ឲ្យ​នៅ​ក្រៅ​ឃុំ។

ចំណែក​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក យាង​ សុជា​មេត្តា ត្រូវ​បាន​តុលា​ការ​​ក្រុងភ្នំពេញឃុំ​ខ្លួន និង​បាន​​ចោទ​ប្រកាន់​​ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​បង្ក​ឲ្យ​មាន​ការ​​អន្តរាយ​ដល់​ការការពារ​ជាតិ»​ ដែល​អាច​ប្រឈមជាប់​ពន្ធ​នាគារ​រហូត​ដល់​១៥​ឆ្នាំ។

ក្រុម​អ្នក​សារព័ត៌មានជាតិ និង​​អន្តរជាតិកាលពី​ឆ្នាំ​មុន​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ទម្លាក់​បទ​ចោទ ទៅ​លើ​អ្នក​ទាំង​នោះ ដោយ​ថា ការ​ចោទ​ប្រកាន់​នោះ «ធ្ងន់​ធ្ងរ» និង​ធ្វើ​ឲ្យ​សេរីភាព​សារ​ព័ត៌​មាន​​នៅ​កម្ពុជា​ធ្លាក់​ចុះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ