របាយការណ៍ប្រចាំឆ្នាំរបស់គ្រឹះស្ថានអង្គរបានឲ្យដឹងថាចំណូលពីការលក់ប័ណ្ណចូលទស្សនាអង្គរនៅឆ្នាំ២០១៧បានកើនឡើងស្ទើរតែទ្វេរដងពីឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលដកសម្បត្តិជាតិមួយនេះពីក្រុមហ៊ុនឯកជនមកគ្រប់គ្រងវិញ។
របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី១ មករា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ចំណូលដែលបានមកពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានជាង១០៧លានដុល្លាអាមេរិក ដែលកើនឡើងជាង៧២ភាគរយបើធៀបទៅនឹងឆ្នាំ២០១៦ ខណៈទទួលភ្ញៀវបរទេសបានជាង២លាន៤សែននាក់ដែលកើនលើសឆ្នាំមុនជិត១២ភាគរយ។
គួររំលឹកផងដែរថា បន្ទាប់ពីរដ្ឋាភិបាលបានដកហូតអង្គរវត្តពីការគ្រប់គ្រងដោយ ក្រុមហ៊ុនលោក សុខ គង់ មកវិញចាប់ពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៧ នោះ ការអនុវត្តន៍តម្លៃថ្មីនៃប័ណ្ណចូលទស្សនាអង្គរវត្ដបានកើនឡើង។ តម្លៃថ្មីនៃសំបុត្រចូលទស្សនាមួយថ្ងៃតម្លៃ៣៧ដុល្លារ បីថ្ងៃតម្លៃ៦២ដុល្លារ និង៧ថ្ងៃតម្លៃ៧២ដុល្លារ ខណៈតម្លៃចាស់នោះគឺ មួយថ្ងៃតម្លៃ២០ដុល្លារ បីថ្ងៃ៤០ដុល្លារ និងមួយសប្ដាហ៍៦០ដុល្លារ៕