រដ្ឋាភិបាលផលិតវីឌីអូនិយាយពីគុណសម្បត្តិថ្ងៃ៧មករាចាក់បញ្ចាំងតាមទូរទស្សន៍

រូបភាពពីហេ្វសប៊ុកលោកនយករដ្ឋមន្ត្រី​​​​ ហ៊ុន សែន

​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ឯក​សារតាមទូរទស្សន៍ ​ស្តីពីដំណើ​រ​រំ​ដោះ​កម្ពុជា​ពី​របប​ខ្មែរ​ក្រហម​ ខណៈ​អ្នក​វិភាគ​យល់​ថា​គណបក្ស​ប្រជា​ជនកំពុង​លើក​តម្កើង​ប្រជា​ប្រិយភាព​ខ្លួន​ឡើង​វិញ​តាម​រយៈ​ថ្ងៃ​៧​មករា។

ក្នុង​សេចក្តី​ជូន​ដំណឹង​កាលពី​ថ្ងៃ​ទី​២ មករា​ម្សិល​មិញ ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹងថា​ថ្ងៃ​ទី​៣ មករា​នេះវេលា​ម៉ោង ៧ ល្ងាច ស្ថានីយ៍ទូរទស្សន៍ឯកជន​មួយ​ចំ​នួន​នឹង​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយ៍​ទូ​រទស្សន៍​ជាតិ​កម្ពុជា​ ​នូវ​ភាព​យន្តឯក​សារ​ប្រវត្តិសាស្ត្រ​ ដែល​ត្រូវ​បាន​ដាក់​ចំ​ណង​ជើង​ថា ​« ដំ​ណើរឆ្ពោះ​ទៅ​រក​ការសង្គ្រោះ​ជាតិ​ »។

ក្នុង​វី​ដេអូ​ ភាពយន្ត​ឯក​សាររយៈពេល​១ម៉ោង ៣៤នាទី​នោះ បាន​បង្ហាញផ្នែក​ខ្លះ​របស់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បរិយាយ​ពី​ការ​ភៀស​ខ្លួន​របស់​លោក​ទៅ​សុំ​ជំនួយ​ពី​ប្រទេស​វៀត​ណាម ដែល​ក្នុង​នោះ​លោក​លើក​ឡើង​ថាលោកប្រហែល​ជ្រើស​រើស​មធ្យោបាយ​​​សម្លាប់​ខ្លួន​ប្រសិន​ជាវៀត​ណាម​បញ្ជូន​លោក​ត្រលប់​មកកម្ពុជា​វិញ។

លោក​ថា៖ « គឺធ្វើអត្ថឃាតខ្លួនឯងតាមគ្រប់មធ្យោបាយទាំងអស់។ ប៉ុន្តែជម្រើសនេះខ្ញុំទុកប្រើនៅវៀតណាមទៅវិញទេ តាមរយៈមច្ចុល១២ដើមនៅក្នុងហ៊ោប៉ៅដែលត្រៀមបុកចូលបំពង់ក្នុងករណីដែលវៀតណាមចាប់បញ្ជូនត្រលប់មកវិញ »

​​អ្នក​នាំពាក្យ​នៃ​អង្គភាព​ព័ត៌មា​ន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តី​ការគណៈរដ្ឋ​មន្ត្រី​ លោក ទិត សុធា មិន​បាន​បញ្ជាក់​ពី​គោល​បំណង​នៃ​ចាក់​ផ្សាយ​នេះ​ទេ ដោយ​ឲ្យ​អ្នក​សារព័ត៌មាន​រង់​ចាំ​មើល​ភាព​យន្ត​ឯក​សារ​នោះ​ដោយ​ខ្លួន​ឯង។

លោក​ថា៖ « លោកចាំតាមដាន​​មើលម៉ោង យប់ហ្នឹងសិន​​ចុះ »

អ្នក​វិភាគ​បញ្ហា​សង្គម​លោកបណ្ឌិត មាស នី យល់​ថា​ការ​ចាក់​ផ្សាយ​ភាព​យន្ត​ឯក​សារ​នៅ​ពេល​នេះគឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នាការ​នយោបាយ​របស់​បក្សប្រជា​ជនក្នុង​ការ​ទាក់​ទាញ​ប្រជា​ប្រិយភាព​ និង​លើក​ឡើង​ពី​គុណ​សម្បត្តិ​របស់​ខ្លួន​នៅពេល​ដែល​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់ និង​អាច​បង្ហាញ​ពី​ការ​ដឹង​គុណ​ពី​ការ​ជួយ​របស់​វៀត​ណាម​ផង​ដែរ។

លោក​ថា៖ « តែសម្រាប់ជាទស្សនៈខ្ញុំវិញ កាលមុនដូចជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនគាត់ធ្លាប់និយាយដែលថា យើងកុំនៅស៊ីកេរ្ត៍៧មករាហ្នឹងយូរពេកសំខាន់គឺគិតពីរឿងបច្ចប្បន្ននេះ។ ហើយរឿងដែលមានភាពចម្រូងចម្រាស់នៅក្នុងខ្សែភ្នែកនៃកូនខ្មែរដដែលទេព្រោះមាននៅមានការចោទប្រកាន់គ្នាថាថ្ងៃ មករាជាថ្ងៃដែលមានការលុកលុយពីវៀតណាមចូលមកខ្មែរនោះ វាមានការយល់ឃើញខុសគ្នាចឹង »

ទោះ​ជា​យ៉ាង​ណា​លោក​មាស នី យល់​ថា ខ្សែភាព​យន្ត​នេះ​នៅ​មិន​ទាន់​អាច​បង្ហាញ​ពី​ការ​ពិតទាំង​ស្រុង​នៃ​ប្រវត្តិ​សាស្ត្រ​សង្គ្រាម​រវាង​កម្ពុជាវៀត​ណាម​នៅ​ឆ្នាំ​១៩៧៩​នោះ​នៅ​ឡើយ​ទេ ខណៈ​ប្រវត្តិ​សាស្ត្រ​នៃ​រឿង​នេះ​នៅតែ​​មានភាព​ចម្រូង​ចម្រាស់នៅ​ឡើយ​៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ