តើការបោះឆ្នោតនៅថៃចុងឆ្នាំនេះ​ជះឥទ្ធិពលយ៉ាងម៉េចដល់សេដ្ឋកិច្ច?​

របាយការណ៍ស្រាវជ្រាវរបស់Bloomberg បង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចរបស់ថៃនៅឆ្នាំ២០១៧កន្លងទៅនេះ មានការរីក ប៉ុន្តែថា នៅឆ្នាំ២០១៨ និង ២០១៩ ខាងមុខនឹងមានការធ្លាក់ចុះទៅវិញជួបប្រទះស្ថានភាពលំបាកមួយចំនួន។​

តាមរបាយការណ៍សិក្សាបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៧មាន៣,៨% ហើយថា អត្រាកំណើននេះកើនឡើងខ្លាំងបើប្រៀបធៀប អត្រាកំណើនកាលពីឆ្នាំ២០១២។ ប៉ុន្តែការសិក្សាបញ្ជាក់ថា អត្រាកំណើនសេដ្ឋកិច្ចនេះនឹងធ្លាក់ចុះគឺស្ថិតនៅក្នុងកម្រិត៣,៧% នៅឆ្នាំ២០១៨ និង ធ្លាក់មកកម្រិត៣,៦% នៅឆ្នាំ២០១៩។ អត្រាកំណើនសេដ្ឋកិច្ចថៃធ្លាក់ចុះទាបជាងវៀតណាម​និង ហ្វីលីពីន។​

​ទោះយ៉ាងណារបាយការណ៍សិក្សាបង្ហាញថា ឆ្នាំ២០១៧ និង ២០១៨ អត្រាកំណើនសេដ្ឋកិច្ចនៅតែស្ថិតនៅក្នុងស្ថានភាពល្អប្រសើរបើប្រៀបធៀបទៅនឹងការវិត្តសេដ្ឋកិច្ចប្រមាណ​៥ឆ្នាំចុងក្រោយនេះ។

នៅទសវត្សរ៍ចុងក្រោយនេះ អត្រាកំណើនសេដ្ឋកិច្ចរបស់ថៃមានការធ្លាក់ចុះគឺស្ថិតនៅក្នុងរង្វង់៣% បើប្រៀបធៀបនិង រយៈពេលប្រមាណ​១០ឆ្នាំមុន គឺអត្រាកំណើនសេដ្ឋកិច្ចរបស់ថៃស្ថិតនៅក្នុងរង្វង់​៤,៦%។​

ការសិក្សារបស់ Bloomberg រកឃើញថា ​​រដ្ឋាភិបាលយោធាដែលដឹកនាំដោយលោក​ប្រា យុទ្ធ ចាន់អូចា បានបង្កើនការចំណាយដល់ ៤៦ប៊ីលានដុល្លារ ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវរថភ្លើងល្បឿនសហការជាមួយចិន និង បង្កើនបណ្តាញផ្លូវសំខាន់ក្នុងទីក្រុងបាងកក។​

តាមគម្រោងរបស់រដ្ឋាភិបាលថៃគឺការបង្កើនការនាំទំនិញចេញ និង ពង្រីកវិស័យទេសចរណ៍ នឹងធ្វើឲ្យអត្រាកំណើនសេដ្ឋកិច្ចជាតិអាចរីកចម្រើន​ដល់​៤,៦%នៅឆ្នាំនេះ។​

អ្នកជំនាញនៅ Bloomberg លើកឡើងដែរថា ការបោះឆ្នោត​នៅខែវិច្ឆិកាចុងឆ្នាំនេះ នឹងក្លាយជាចំណុចចម្បងដែលនាំឲ្យមានបញ្ហារាំងស្ទះដល់សេដ្ឋកិច្ច ដែលបារម្ភពីបញ្ហាជម្លោះនានាកើតឡើង​។ ​

ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មាន ​Straits Time មានការសន្និដ្ឋានផ្ទុយពីនេះ​ គឺបានបញ្ជាក់ថា ការប្រកាសរៀបចំការបោះឆ្នោតដោយសេរី តាមការអះអាងរបស់មេដឹកនាំយោធានេះ មានការស្វាគមន៍យ៉ាងខ្លាំងពីក្រុមអ្នកវិនិយោគ ខណៈបច្ចុប្បន្នថៃមានសេដ្ឋកិច្ចធំលំដាប់ទី២នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីឥណ្ឌូនេស៊ី។​

តាមរបាយការណ៍ចុះផ្សាយរបស់គេហទំព័រ World’s Top Exports បានឲ្យដឹងថា ប្រទេសដៃគូពាណិជ្ជកម្ម​សំខាន់ជាគេរបស់ថៃគឺ សហរដ្ឋអាមេរិក ហើយបន្តបន្ទាប់ទៀត រួមមាន ចិន ជប៉ុន ហុងកុង អូស្រ្តាលី ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និង ឥណ្ឌូនេស៊ីជាដើម។​

នៅពេលប្រទេសនេះ មានស្ថិរភាពនយោបាយ ដើរតាមគន្លងប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស គេមើលឃើញថា  កម្លាំងសេដ្ឋកិច្ចកាន់តែស្ទុះឡើងថែមទៀត ព្រោះមានការងាកមកសហការជាថ្មី ពីប្រទេសសមាជិក​សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក។

ថៃបច្ចុប្បន្នកំពុងតែមានការរីកចម្រើន នៅក្នុងតំបន់ ហើយបើយោងតាម​របាយការណ៍អង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ (IOM) បានឲ្យដឹងថា ពលរដ្ឋនៅក្នុងប្រទេសជិតខាងចំនួន​ជាង៣លាននាក់បានចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ខណៈអង្គការនៅក្នុងតំបន់មួយចំនួនថា ពលករពីប្រទេសផ្សេងៗទៅរកការងារធ្វើនៅក្នុងប្រទេសថៃទាំងស្រប និង ខុសច្បាប់មានជាង ៤លាននាក់ ឬ ច្រើនជាងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ