កូរ៉េទាំងពីរបង្ហាញសញ្ញាល្អនៃការទំនាក់ទំនងគ្នា

គណៈប្រតិភូកូរ៉េទាំងពីរជួបគ្នានៅពេលកន្លងទៅ

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ កូរ៉េខាងជើងបានបង្ហាញ​ឥរិយាបថល្អក្នុងការទំនាក់ទំនងល្អជាមួយប្រទេសកូរ៉េខាងត្បូង ចំណែក​សហគមន៍អន្តរជាតិ​កំពុងតែយកចិត្តទុកដាក់តាមដាន​សភាពការណ៍នយោបាយនេះ ដោយមានទាំងមតិសាទរ និងការមិនជឿជាក់លើកូរ៉េខាងជើង។​

ការប្រែប្រួល​ចុងក្រោយនេះ គឺមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ព្រមបើកទូរសព្ទប្រចាំការ ឬហៅទូរសព្ទក្រហមឡើងវិញ ក្នុងការទំនាក់ទំនងផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងត្បូង។​

កូរ៉េខាងត្បូងបានបញ្ជាក់ថា ពួកគេបានទទួលការហៅទូរសព្ទពីកូរ៉េខាងជើង​កាលពីថ្ងៃពុធម្សិលមិញនៅម៉ោង ១៥:៣០នាទីម៉ោងនៅក្នុងតំបន់។ នេះបើតាមសារព័ត៌មាន ​BBC។​

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថ្លែងថា លោកបើកការពិភាក្សាជាមួយកូរ៉េខាងត្បូង ហើយនឹងបញ្ជូនក្រុមកីឡាអូឡាំពិករដូវត្រជាក់ទៅចូលរួម​នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងខែក្រោយនេះ។​

កូរ៉េខាងជើងបានបញ្ជាក់ថា ការបញ្ជូនតំណាងរបស់ពួកគេទៅចូលរួមកម្មវិធីកីឡារដូវត្រជាក់នៅកូរ៉េខាងត្បូងនោះគឺជាផ្នែកមួយនៃគោលបំណងការជជែកគ្នារវាងប្រទេសទាំងពីរ។​

ទូរសព្ទទំនាក់ទំនងរវាងកូរ៉េទាំងពីរ

ជុំវិញការប្រកាសបើកទូរសព្ទប្រចាំការពីសំណាក់កូរ៉េខាងជើងនេះ មេដឹកនាំកូរ៉េខាងត្បូងលោក ម៉ូន ជែអ៊ីន បានថ្លែងថា នេះជាចំណុចសំខាន់ណាស់ក្នុងការស្តារស្ថានភាពប្រទេសជាបងប្អូនទាំងពីរនេះឲ្យមានភាពប្រសើរឡើងវិញ។​ លោក​បន្តថា វាជាបរិយាកាសល្អដែលអាចធ្វើឲ្យមេដឹកនាំប្រទេសទាំងពីរអាចជជែកគ្នាបានគ្រប់ពេលវេលា។​

ក្រសួងរួបរួមកូរ៉េរបស់កូរ៉េខាងត្បូងបានថ្លែងថា ការប្រកាសបើកដំណើរការទូរសព្ទប្រចាំការនេះ គឺមានដំណើរខ្សែទូរសព្ទចំនួន​៣៣ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអាចទាក់ទងនិយាយគ្នាដោយផ្ទាល់បានលើបញ្ហាប្រឈមផ្សេងៗ។

លេខទូរសព្ទប្រចាំការនេះ បានបង្កើតឡើងនៅឆ្នាំ១៩៧១ គឺបង្កើតឡើង​មានទីតាំងមូលដ្ឋាននៅតំបន់ Panmunjom ជាតំបន់មួយនៅព្រំដែន ដែលបច្ចុប្បន្នកូរ៉េខាងជើងជាអ្នក​គ្រប់គ្រង។​ ទីតាំងនេះជាចំណុចដែលកូរ៉េទាំងពីរបានចុះហត្ថលេខាឈប់បាញ់គ្នាកាលពីឆ្នាំ១៩៥៣។​

ការកាត់ផ្តាច់ទំនាក់ទំនងទូរសព្ទប្រចាំការ

ប្រទេសទាំងពីរបានកាត់ផ្តាច់ការទំនាក់ទំនងកម្រិតមន្ត្រីជាន់ខ្ពស់ តាំងពីខែធ្នូឆ្នាំ២០១៥ ដែលប្រកាសផ្តាច់ដោយមេដឹកនាំកូរ៉េខាងជើង។​

លុះដល់​ខែកុម្ភៈឆ្នាំ២០១៦ កូរ៉េខាងជើង បានបាញ់សាកល្បងរ៉ុកែត អាវុធមីស៊ីល និង អាវុធនុយក្លេអ៊ែ ដែលពេលនោះ ធ្វើឲ្យស្ថានការណ៍ឧបទ្វីបកូរ៉េកាន់តែតានតឹងឡើងខ្លាំង នាំឲ្យកូរ៉េខាងត្បូងសម្រេចឈប់ដំណើរការរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសកៃស៊ុង។

​កៃស៊ុងគឺជាតំបន់សេដ្ឋកិច្ចពិសេស មានទីតាំងក្នុងប្រទេសកូរ៉េខាងជើងជាប់ព្រំដែនជាមួយកូរ៉េខាងត្បូង។ តំបន់នេះ បង្កើតឡើងកាលពីឆ្នាំ២០០៤ មានក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន​១២៤ក្រុមហ៊ុន ដែលក្រុមហ៊ុនទាំងនោះរួមទាំងក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ក្រុមហ៊ុនផលិតគ្រឿងរថយន្ត និង ក្រុមផលិតផលិតផលពាក់កណ្តាលសម្រេចផ្សេងៗទៀត។​

ក្រុមហ៊ុន​កូរ៉េខាងត្បូងនៅតំបន់នេះ ផ្តល់ការងារឲ្យកម្មករកូរ៉េខាងជើង​៥៤ ម៉ឺននាក់ និងផ្តល់លុយ១០០លានដុល្លារក្នុង១ឆ្នាំលើប្រាក់ឈ្នួលកម្មករ។ តំបន់នេះដែលគេគិតថា អាចជាចំណុចនៃការរួមរួបគ្នារវាងកូរ៉េទាំងពីរឡើងវិញ។​

នៅពេលដែលកូរ៉េខាងត្បូងសម្រេចបិទឈប់ដំណើរតំបន់នេះ ដោយហេតុផលថា មិនចង់ឲ្យកូរ៉េខាងជើងយកលុយបានពីតំបន់នេះទៅផលិតនុយក្លេអ៊ែ កូរ៉េខាងជើង​ក៏សម្រេចផ្តាច់ទំនាក់ទំនងទាំងស្រុងតាម​​លេខទូរសព្ទប្រចាំការ។​

មតិសហគមន៍អន្តរជាតិ​

អគ្គលេខាធិការអង្គការសហប្រជាជាតិ​ លោក Antonoi Guterres

ក្រោយការប្រកាសរបស់កូរ៉េខាងជើងពីការបើកការទំនាក់ទំនង​ជាមួយកូរ៉េខាងត្បូងភ្លាមៗនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ​ លោក Antonio Guterres បានប្រកាសស្វាគមន៍ ដោយលោកថា នេះជាសញ្ញាល្អសម្រាប់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។​

មតិពីចិនដែលគេដឹងថា ជាសម្ព័ន្ធមិត្តស្និទ្ធជាមួយកូរ៉េខាងជើង​ ក៏បង្ហាញការស្វាគមន៍ដែរ។ អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិនលោក​ Geng Shuang ថ្លែងថា ប្រទេសកូរ៉េទាំងពីរគួរតែយកឱកាសនៃការប្រកួតកីឡាអូឡាំពិកនេះធ្វើជាចំណុចចាប់ផ្តើម​នៃការកសាងទំនាក់ទំនងល្អ។​

ចំណែកសហរដ្ឋអាមេរិក​ជាគូសម្រូវធំរបស់កូរ៉េខាងជើង នៅតែបង្ហាញជំហរមិនជឿជាក់លើឥរិយាបថរបស់កូរ៉េខាងជើងដែល​ហាក់ចង់ចរចាសន្តិភាពជាមួយ កូរ៉េខាងត្បូងនោះទេ ខណៈកូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តស្និទ្ធរបស់សហរដ្ឋអាមេរិក។​

នៅដើមឆ្នាំ២០១៨នេះ លោក គីម ជុងអ៊ុន បានថ្លែងព្រមានថា លោក​មានប៊ូតុងនៅលើតុធ្វើការរបស់លោក​ដែលអាចចុចឲ្យផ្ទុះពេលណាក៏បាន ជាមួយគ្នានេះមេដឹកនាំអាមេរិកលោក​ណាល ត្រាំ ថ្លែងថា លើតុរបស់លោក​ក៏មានប៊ូតុងចុចបំផ្ទុះអាវុធនុយក្លេអ៊ែដែរ ហើយថានុយក្លេអ៊ែរបស់អាមេរិកធំ និង ទំនើបជារបស់កូរ៉េខាងជើងឆ្ងាយណាស់។​

​ទោះយ៉ាងណា​ សញ្ញាល្អនៃការទំនាក់ទំនងរវាងកូរ៉េទាំងពីរមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅមិនទាន់លេចជាលទ្ធផលធំដុំនៅឡើយ ហើយមូលហេតុដែលកូរ៉េខាងជើងបង្ហាញឥរិយាបថចង់មានទំនាក់ទំនងជាមួយកូរ៉េខាងត្បូងវិញនេះក៏មិនទាន់ដឹងច្បាស់ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ