មេដឹកនាំមីយ៉ាន់ម៉ាអំពាវនាវឲ្យកែប្រែរដ្ឋធម្មនុញ្ញនិងទទួលស្គាល់ជនជាតិភាគតិច

ប្រធានាធិបតីមីយ៉ាន់ម៉ា ជាមេដឹកនាំស៊ីវិល​ដែលចែកអំណាចគ្នាជាមួយក្រុមយោធានោះ បានអំពាវនាវឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដែលរៀបចំឡើងដោយពួកយោធា ដើម្បីផ្តល់យុត្តិធម៌ដល់ភាគីជនជាតិ​ភាគតិច​នៅតាម​រដ្ឋផ្សេងៗ។​

ទោះយ៉ាងណាក្នុងការអំពាវនាវរបស់​លោក ឃីត យ៉ មិនបានរំលេចឲ្យចំពីបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ានោះទេ​ ខណៈជនជាតិភាគតិចនេះជាង៦០ម៉ឺននាក់បានរត់គេចខ្លួន ដោយសារការបាញ់ប្រហារពីក្រុមយោធាកាលពីឆ្នាំ២០១៦កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ ​South China Morning Post​។

ការពិភាក្សាពីការធ្វើការកែប្រែខ្លឹមសាររដ្ឋធម្មនុញ្ញនេះបានធ្វើឡើងរួចហើយ ប៉ុន្តែត្រូវបានផ្អាកវិញចាប់តាំងពីការបាញ់សម្លាប់មេធាវីរដ្ឋាភិបាលដែលដឹកនាំការពិភាក្សានេះ នៅជិតព្រលានយន្តហោះក្នុងទីក្រុងយ៉ង់ហ្គោនកាលពីខែមករា ឆ្នាំ​២០១៦។​

លោកឃីត យ៉ ថ្លែងនៅក្នុងឱកាសនៃបុណ្យឯករាជ្យនៅថ្ងៃនេះថា មីយ៉ាន់ម៉ាជាប្រទេសកំពុងតែពង្រឹងប្រជាធិបតេយ្យ គឺត្រូវតែមានការពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីរៀបចំរដ្ឋធម្មនុញ្ញមានអត្ថន័យសមរម្យដែលអាចទទួលយកបានទាំងអស់គ្នា។​

នៅក្នុងរដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ដែលរៀបចំឡើងដោយពួកយោធា បានរារាំងមិនឲ្យលោកស្រី អ៊ុង សានស៊ូជី ក្លាយជាមេដឹកនាំបាន ដោយសារលោកស្រីមានប្តី ជាជនជាតិអង់គ្លេស។ រដ្ឋធម្មនុញ្ញនេះ បានហាម​អ្នកមានប្តីប្រពន្ធ ឬ កូន​ជាជនបរទេសមិនឲ្យក្លាយជាមេដឹកនាំនោះទេ។​

ក្នុងឱកាសនោះលោក ឃីត យ៉ បានអំពាវនាវឲ្យមានការគោរពសិទ្ធិមនុស្ស ប៉ុន្តែមិនបានលើកឡើងចំបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ានោះទេ ខណៈវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កំពុងតែធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោស​រដ្ឋាភិបាល និង កងកម្លាំងយោធាមីយ៉ាន់ម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ