បក្ស​មួយ​ចំនួន​អបអរ​ថ្ងៃ​ ៧ ​មករា ខណៈ​បក្ស​ខ្លះ​ចាត់​ទុក​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរទេស​ឈ្លាន​ពាន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ដៃ​គ្រវី​ទៅ​អ្នក​គាំ​ទ្រ​លោក​នៅ​ក្នុង​ពិធី​រំឭក​ខួប​ ៣៩​ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៨។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន

គណបក្ស​នយោបាយ​មួយ​ចំនួន ចូល​រួម​រំឭក​ដល់​ថ្ងៃ ៧ មករា ប៉ុន្តែ គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត នៅ​តែ​ចាត់​ទុក​កាល​បរិច្ឆេទ​មួយ​នេះ ជា​ការ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​ជិត​ខាង​ មក​លើ​ប្រទេស​កម្ពុជា។

ជា​ស្វ័យ​ប្រវត្តិ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រៀប​ចំ​ពិធី​រំឭក​ខួប​ថ្ងៃ ៧ មករា ដែល​បក្ស​នេះ​ចាត់​ទុក​ជា​ថ្ងៃ​ជ័យ​ជម្នះ​ និង​រំដោះ​ប្រទេស​កម្ពុជា រួច​ផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម។ ក្រៅ​ពី​ហៅ​ថា ​«ថ្ងៃ​ជ័យ​ជម្នះ»​ហើយ​នោះ បក្ស​កាន់​អំណាច​មួយ​នេះ បាន​ហៅ​ថ្ងៃ​នេះ​ថា «ជា​ថ្ងៃ​កំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា»​ផង​ដែរ។

ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត ក៏​បាន​ចូល​រួម​អបអរ​ថ្ងៃ ៧ មករា​នេះ​ផង​ដែរ ខណៈ​ដែល​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​កន្លង​ផុត​ទៅ ៣៩​ឆ្នាំ​ហើយ។

នៅ​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​ជ័យ​ជម្នះ ៧ មករា ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ និង​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ទូរទស្សន៍​ជាតិ​កម្ពុជា គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​ទើប​តែ​ទទួល​បាន​អាសនៈ​សភា​បន្ទាប់​ពី​ការ​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ​នោះ និង​គណបក្ស​យុវជន​កម្ពុជា​របស់​លោក ពេជ្រ ស្រស់ គណបក្ស​កសិករ និង​គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ ក៏​បាន​ចូល​រួម​ប្រគល់​កន្ត្រក​ផ្កា​​ដល់​លោក ហេង សំរិន និង​លោក ហ៊ុន សែន ដែល​ជា​ការ​អបអរ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ បាន​ទទួល​អាសនៈ​សភា ៤១ ខណៈ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​ទទួល​អាសនៈ​សភា​ចំនួន ១ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ហើយ​អាសនៈ​ជាប់​ឆ្នោត​របស់​បក្ស​នេះ​នៅ​សភា​ជាតិ ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ ដែល​មិន​ទទួល​បាន​អាសនៈ​សភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣​កន្លង​មក។

ខណៈ​ដែល​គណបក្ស​នយោបាយ​មួយ​ចំនួន ប្រារព្ធ​ពិធី​រំឭក​ខួប និង​អបអរ​​ថ្ងៃ​ ៧ មករា​នោះ គណបក្ស​នយោបាយ​ដទៃ​ទៀត ពុំ​បាន​បង្ហាញ​ជំហរ​យល់​ស្រប​នោះ​ឡើយ។

ដូច​រៀង​រាល់​ឆ្នាំ​ដែរ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​សុក្រ​​ថា ថ្ងៃ​ ៧ មករា ១៩៧៩ គឺ​ជា​ឆាក​ល្ងោន​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ប្រទេស​វៀតណាម។

ដោយ​បង្ហោះ​ភ្ជាប់​មក​ជាមួយ​នូវ​រូបត្លុក​នយោបាយ​ «១៩៧៥ មក​ដុត​ក៏​មុខ​ហ្នឹង» និង​ «១៩៧៩ មក​ពន្លត់​ក៏​មុខ​ហ្នឹង​»ផង​នោះ លោក សម រង្ស៊ី បានសរសេរ​ថា៖ «គេ​ថា គេ​មក​រំដោះ​យើង​ពី​ខ្មែរ​ក្រហម តែ​បើ​អត់​មាន​យួន​កុម្មុយនីស្ត​ពី​ដើម​ទី ក៏​អត់​មាន​ខ្មែរ​ក្រហម​ដែរ។ ឥឡូវ​នេះ គេ​ថា បើ​គ្មាន​ថ្ងៃ ៧ មករា ១៩៧៩ ក៏​គ្មាន​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ​ដែរ។ តែ​បើ​គ្មាន​ថ្ងៃ ១៧ មេសា ១៩៧៥ ក៏​គ្មាន​ថ្ងៃ ៧ មករា ១៩៧៩ ដែរ។ ហើយ​គ្មាន​ពួក​យួន​កុម្មុយនីស្ត​ជួយ​ពួក​ខ្មែរ​ក្រហម​នៅ​ដើម​ទសវត្សរ៍​១៩៧០ ក៏​គ្មាន​ថ្ងៃ​ ១៧ មេសា ១៩៧៥​ដែរ។ ដូច្នេះ មួយ​ផ្នែក​ធំ​នៃ​រឿង​រ៉ាវ​ទាំង​អស់​ក្នុង​រយៈ​ពេល​ជិត ៥០​ឆ្នាំ​កន្លង​មក​នេះ គឺ​មាន​ការ​រៀបចំ​យ៉ាង​សកម្ម​ដោយ​យួន​កុម្មុយនីស្ត ដើម្បី​លេប​ត្របាក់​ទឹក​ដី​យើង និង​បំភ័ន្ត​ភ្នែក​ប្រជា​រាស្ត្រ​ខ្មែរ»។

ខុស​ពី​មេ​បក្ស​ប្រឆាំង និង​គណបក្ស​នយោបាយ​ដទៃ​ទៀត គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលទើប​តែ​មាន​អាយុ​កាល​ជាង ២​ឆ្នាំ​ប៉ុណ្ណោះ បាន​ចាត់​ទុក​​ ៧ មករា ជា​ថ្ងៃ​សម្រាប់​រៀន​សូត្រ ប៉ុន្តែ មិន​មែន​ជា​ថ្ងៃ​សម្រាប់​រំឭក​គុណ​នោះ​ទេ។

អគ្គ​លេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​បក្ស​នេះ​ថា៖ «៧ មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ឆ្លុះ​បញ្ចាំង និង​រៀន​សូត្រ ប៉ុន្តែ មិន​មែន​ជា​ថ្ងៃ​សម្រាប់​រំឭក​គុណ​ទេ​ចំពោះ​កូន​ខ្មែរ»។

មេដឹកនាំ​បក្ស​រូប​នេះ បាន​បន្ថែម​ទៀត​ថា ថ្ងៃ ៧ មករា បាន​បង្រៀន​លោក ឲ្យ​យល់​ដឹង​ថា ប្រសិន​បើ​ខ្មែរ​នៅ​តែ​ចោទ​ប្រកាន់​លាប​ពណ៌​គ្នា និង​បំផ្លាញ​ខ្មែរ​គ្នា​​ឯង លោក​ថា ខ្មែរ​នឹង​ត្រូវ​គេ​ឈ្លាន​ពាន និង​គ្រប់​គ្រង​ជា​ថ្មី​ទៀត។

ក្នុង​ប្រយោគ​បែប​នេះ មេដឹកនាំ​បក្ស​មួយ​នេះ ពុំ​បាន​បញ្ជាក់​ច្បាស់​ថា តើ​ក្រុម​ណា​មួយ​បំផ្លាញ​ក្រុម​ណា​មួយ​នោះ​ឡើយ។

ប៉ុន្តែ ស្ថានការណ៍​នយោបាយ​កម្ពុជា​ចុង​ឆ្នាំ​២០១៧​កន្លង​មក​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា បាន​ដើរ​ឃ្លាត​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ» ហើយ​បក្ស​ប្រឆាំង​ដ៏​ធំ​ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ប្រហែល ៣​លាន​សំឡេង​នោះ ត្រូវ​បាន​តុលាការ​កំពូល​ដែល​មាន​ចៅក្រម​សុទ្ធ​តែ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​កាន់​អំណាច សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិ​កាឆ្នាំមុន។

ជាង​នេះ​ទៅ​ទៀត ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​​ការ​ហាម​ឃាត់​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ខណៈ​ដែល​អាសនៈ​ជាប់​ឆ្នោត​របស់​បក្ស​ប្រឆាំង​មួយ​នេះ ចាប់​ពី​សភា​ជាតិ​រហូត​ដល់​អាសនៈ​ជាប់​ឆ្នោត​នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង ដែល​ពលរដ្ឋ​ភាគ​ច្រើន​លើស​លប់​ពុំ​បាន​បោះ​ឆ្នោត​ឲ្យ។

ទោះជាយ៉ាងណា សហគមន៍​អន្តរជាតិ នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​អាមេរិក បាន​ថ្កោល​ទោស​ចំពោះចំណាត់​ការ​បែប​នេះ​របស់​រដ្ឋាភិបាល​ទៅ​លើ​អតីត​បក្ស​ប្រឆាំង ដោយ​ចាត់​ទុក​ជា​ការ​ដើរ​ឃ្លាត​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស ប៉ុន្តែ មាន​តែ​ប្រទេស​ចិន​តែមួយ​ប៉ុណ្ណោះ​ បាន​គាំ​ទ្រ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់​ទុក​ជា​ការ​ថែ​រក្សា និង​ការពារ​សន្តិភាព​ និង​ស្ថេរភាព​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ