យ៉ាងហោចណាស់អ្នកធ្វើការលើនាវាដឹកប្រេងដែលផ្ទុះឆេះនៅក្នុងសមុទ្រចិនខាងកើតចំនួន៣១នាក់បានបាត់ខ្លួន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងតែស្វែងរកដោយមានប្រឈមឧបសគ្គជាច្រើន។
នាវាដឹកប្រេងនោះមានឈ្មោះ Sanchi ចុះបញ្ជីនៅប្រទេសប៉ាណាម៉ា ដឹកប្រេងចំនួន១៣៦ ០០០តោន ដែលស្មើនឹងប្រមាណ១លានបារ៉ែល គឺបានដឹកប្រេងពីប្រទេសអ៊ីរ៉ង់ឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានបុកជាមួយនាវាដឹកទំនិញរបស់ហុងកុងឈ្មោះCF Crystal នៅក្នុងសមុទ្រខាងកើតរបស់ចិនស្ថិតនៅដែនទឹកចន្លោះទីក្រុងសៀងហៃ និង ប្រទេសជប៉ុន កាលពីល្ងាចថ្ងៃសៅរ៍។ នេះបើតាមសារព័ត៌មាន CNN។
ចាប់តាំងពីថ្ងៃឆេះរហូតដល់ថ្ងៃព្រហស្បតិ៍នេះ ក្រុមជួយសង្គ្រោះនៅមិនទាន់ពន្លត់បាននៅឡើយ ហើយអាជ្ញាធរចិនបានព្រមានថា នាវានេះ អាចនឹងផ្ទុះឡើង។
នៅពេលនេះ នាវាចំនួន១៤កំពុងតែបំពេញបេសកកម្មក្នុងការជួយសង្គ្រោះ និងស្វែងរកអ្នកធ្វើការនៅលើនាវាដឹកប្រេងដែលបានបាត់ខ្លួនចំនួន៣១នាក់នោះ។
ទីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ Shana បានចុះផ្សាយផ្សាយថា នាវា Sanchi គឺគ្រប់គ្រងដោយ ក្រុមហ៊ុនរដ្ឋអ៊ីរ៉ង់ ហើយប្រេងដែលដឹកជញ្ជូននេះ មានតម្លៃទឹកប្រាក់ប្រមាណ៦០លានដុល្លារ បញ្ជារទិញដោយកូរ៉េខាងត្បូង៕