ក្រសួងការបរទេសកម្ពុជា បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីសារៈសំខាន់នៃសន្តិភាពនៅក្នុងតំបន់ទន្លេមេគង្គ អំឡុងវេទិកាមេគង្គ-ឡានឆាង កាលពីថ្ងៃម្សិលមិញនេះ។
ក្រុមមេដឹកនាំកម្ពុជា ចិន ថៃ ឡាវ ភូមា និងវៀតណាម បានជួបប្រជុំគ្នានៅឯកិច្ចប្រជុំកំពូល «មេគង្គ-ឡានឆាង»លើកទី២ នៅរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញនេះ។
ក្នុងសេចក្ដីថ្លែងការណ៍ក្រោយការបញ្ចប់ទៅនៃជំនួបកំពូលនោះកាលពីថ្ងៃម្សិលមិញនេះ ក្រសួងការបរទេសកម្ពុជា បានប្រកាសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅក្នុងតំបន់ទន្លេមេគង្គ ជាតំបន់ដែលលោក ហ៊ុន សែន ថា ធ្លាប់ខ្ទេចខ្ទីដោយសារសង្គ្រាម និងការប្រកួតប្រជែងមនោគមវិជ្ជា កាលពីអតីតកាល។
ក្រៅលើកឡើងពីសារៈសំខាន់នៃសន្តិភាព ក្រសួងការបរទេសថា លោក ហ៊ុន សែន បានលើកឡើងអំពីសមិទ្ធផលរបស់បណ្ដាប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ ដែលសម្រេចឡើងតាមរយៈអ្វីដែលលោក ហ៊ុន សែន ហៅថា សន្តិសហវិជ្ជមាន ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពប្រទេសនីមួយៗ និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមកនោះឡើយ។
នៅក្នុងវេទិកាថ្នាក់តំបន់មួយនេះ ក្រុមមេដឹកនាំទាំងនោះ បានសម្រេចលើផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕