ប្រធានាធិបតីអាមេរិកលោក ដូណល ត្រាំ បានថ្លែងកាលពីថ្ងៃពុធដោយវាយប្រហារតុលាការអាមេរិកថា ធ្វើការសម្រេចក្តីដោយអយុត្តិធម៌បន្ទាប់ពីចៅក្រមបញ្ជាឲ្យផ្អាកអនុវត្តនយោបាយរបស់ប្រធានាធិបតីរូបនេះ ចំពោះការបណ្តេញចេញពីប្រទេសចំពោះពលរដ្ឋណាដែលរងការចោទថា ចូលអាមេរិកដោយខុសច្បាប់។
កាលពីដើមសប្តាហ៍នេះ ចៅក្រមនៅទីក្រុង San Francisco លោក William Alsup បានសម្រេចឲ្យផ្អាកបញ្ជារបស់លោកត្រាំ ក្នុងការចាប់បញ្ជូនពលរដ្ឋចូលដែនដីអាមេរិកខុសច្បាប់ត្រឡប់ទៅប្រទេសកំណើតពួកគេវិញ។ ដោយការមិនពេញចិត្តចំពោះសេចក្តីសម្រេចនេះ លោកត្រាំ ហៅតុលាការនោះថា អយុត្តិធម៌ធ្វើការសម្រេចដោយគ្មានការយល់ដឹង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
លោកត្រាំក៏បានប្រជុំជាមួយតំណាងរាស្ត្រទាំងពីរគណបក្សដើម្បីពិនិត្យ លើគោលនយោបាយអន្តោប្រវេសន៍ឬ ហៅ DACA។ ក្នុងពេលនោះលោកក៏បានសម្តែងការខកចិត្តចំពោះការសម្រេចរបស់ចៅក្រមនៅ San Francisco។
DACA គឺជាកម្មវិធីមួយដែលបង្កើតឡើងដោយរដ្ឋការបស់លោក បារ៉ាក់ អូបាម៉ា ក្នុងឆ្នាំ២០១២ ដែលបង្កើតឡើងក្នុងបំណងការពារមិនឲ្យបណ្តេញចេញ ចំពោះអ្នកដែលបានចូលដល់ដែនដីអាមេរិកដោយខុសច្បាប់ពិសេសគឺកុមារ៕