យុវជនមួយក្រុមនឹងជួបជុំគ្នានៅថ្ងៃស្អែកដើម្បីបង្ហាញដល់សិស្ស និស្សិតឲ្យបានដឹងពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ថា បានធ្វើប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជនជាតិដើមភាគតិចភាគ ឦសានរាប់ពាន់នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយដែលមាន៥ ទំព័របានឲ្យដឹងថាកម្មវិធីជួបជុំគ្នានេះនឹងធ្វើឡើងនៅក្នុងសាលាអន្តរទ្វីបអាមេរិកកាំងទួលគោករាជធានីភ្នំពេញ ម៉ោង៧ព្រឹក នាថ្ងៃទី ១៤ ខែ មករា ស្អែកនេះ ក្រោមប្រធានបទ«ព្រេងនិទាន ន្រ្ទាញ់យ៉ាំង» រឿងរ៉ាវអំពីដែនដីភាគឦសានខេត្តស្ទឹងត្រែង។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានឲ្យដឹងថាកម្មវិធីនេះធ្វើឡើងដើម្បីផ្សព្វផ្សាយដល់សារធារណជនឲ្យបានដឹងពីប្រពៃណី វប្បធម៌ ទំនៀមទំលាប់ និងជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច ពូនង និង ជនជាតិភាគតិចឡាវដែលអាស្រ័យផលពីទន្លេ និង ព្រៃឈើ និង បង្ហាញពីផលប៉ះពាល់របស់វារីអគ្គិសនីសេសានក្រោម ២។
ក្នុងសេចក្ដីប្រកាសព័ត៌មានបន្ថែមដោយលើកយកការស្រាវជ្រាវមួយរបស់លោក បឺត នៅឆ្នាំ ២០០៩ ដែលបង្ហាញថាទំនប់វារីអគ្គិសនីសេសាន ២នេះបានធ្វើឲ្យរាំងខ្ទប់ចរាចរណ៍ត្រីរវាងទន្លេមេគង្គ និង ទន្លេសេសាន ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋប្រមាណ៧៨០០០នាក់ ហើយក្នុងនោះមានភូមិ២ គឺភូមិក្បាលរមាស និង ភូមិស្រែគរ ដែលពលរដ្ឋជាង១០០គ្រួសារមិនព្រមចាកចេញ ត្រូវបានលិចទឹកបន្ទាប់ពីក្រុមហ៊ុនបានបិទទ្វាទឹក។
ក្នុងសេចក្ដីប្រកាសព័ត៌មានបន្តថាកម្មវិធីនេះក៏នឹងលើកឡើងពីក្ដីកង្វល់របស់សហគមន៍សេសានក្រោម ២ ទាក់ទងនឹងការគំរាមកំហែង និងការបំបិទសិទ្ធិពីសំណាក់អាជ្ញាធរ និង ចង់ផ្ញើរសារទៅកាន់រដ្ឋាភិបាលឲ្យពិចារណា សិក្សាលើជម្រើសក្រៅពីវារីអគ្គិសនីនេះ ដើម្បីផលិតថាមពលអគ្គិសនី។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះឲ្យដឹងថាកម្មវិធីជួបជុំគ្នានេះនឹងមានការចូលរួមពីយុវជនចំនួន ២០០ អង្គ/នាក់ ដែលពួកគេជាសិស្សនិស្សិត ព្រះសង្ឃ យុវជន និង ប្រជាពលរដ្ឋដែលស្រលាញ់បរិស្ថាន តំណាងសហគមន៍មូលដ្ឋានផងដែរ៕