លោក ហ៊ុន សែន៖ រយៈ​ពេល​៣៣​ឆ្នាំ​មិន​មែន​រស់​ដោយសារ​ចុង​កាណុង

កម្លាំងប្រដាប់អាវុធខ្មែរ បាតុកម្ម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា លោក​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល ៣៣​ឆ្នាំ​កន្លង​មកនេះ មិន​មែន​ធ្វើ​ឡើង​តាម​​រយៈ​ការ​ប្រើ​អាវុធ ឬ​អំណាច​ផ្ដាច់​ការ​ដូច​របប​មុនៗ​នោះ​ឡើយ។

លោក ហ៊ុន សែន បាន​អះ​អាង​បែប​នេះ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​ជាង ៤​ពាន់​នាក់ មក​ពី​តាម​​បណ្ដាញ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នានា នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​នេះ ចំ​ថ្ងៃ​ខួប ៣៣​ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​របស់​លោក។

លោក ហ៊ុ​ន សែន ថ្លែង​ថា៖«​រយៈពេល ៣៣ឆ្នាំ មិនមែនរស់ដោយសារចុងកាណុង ហើយក៏មិនមែន​រស់​ដោយអំពើផ្ដាច់ការដែរ ផ្ដាច់ការពិតប្រាកដ គឺប៉ុល ពត ប៉ុន្ដែ ប៉ុល ពត ក៏រស់បានត្រឹមតែរយៈពេល ៣ឆ្នាំ​ ៨ខែ ២០ថ្ងៃ លន់ នល់ ក៏ផ្ដាច់ការដោយមានការគាំទ្ររបស់កងទ័ពអាមេរិកទៀតផង ប៉ុន្ដែ គេរស់ត្រឹម ៥ឆ្នាំ សម្រាប់​ខ្ញុំ ឆ្លងកាត់នូវ​ពេល​វេលាដ៏លំបាក ដែលចាប់ផ្ដើមពីការយកជីវិតធ្វើដើមទុន​»

ជាមួយគ្នានោះដែរ លោក ហ៊ុន សែន បានលើកឡើងដែរថា លោកមិនចង់ធ្វើជានាយករដ្ឋមន្រ្តី​ទេ ប៉ុន្តែ ដោយសារ​បញ្ហា​ប្រទេសជាតិច្រើន ដែលទាមទារឲ្យលោកដោះស្រាយ ទើបធ្វើឲ្យលោក​រកពេលសម្រាក​ពីតំណែងមិនទាន់បាន។

លោក ហ៊ុន សែន បាន​អះ​អាង​បែប​នេះ ចំ​ថ្ងៃដែល​លោក​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​កម្ពុជា​កាល​ពី ៣៣​ឆ្នាំ​មុន។

ប៉ុន្តែ អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ចុង​ខែ​ឧសភា​ឆ្នាំ​មុន​ថា លោក ហ៊ុន សែន បាន និង​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​កម្ចាត់​ក្រុម​អ្នក​រិះគន់​លោក។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ខែ​មករា​​ឆ្នាំ​២០១៥​ថា នៅ​អំឡុង​ពេល​កាន់​អំណាច​រយៈ​ពេល​ជាង ៣​ទសវត្សរ៍​មក​នេះ លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​​អំពើ​ហិង្សា​នយោបាយ ការ​បង្ក្រាប និង​អំពើ​ពុក​រលួយ ដើម្បី​រក្សា​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ