រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតមូលនិធិទ្រទ្រង់ និងបង្កើនប្រាប់ឧបត្ថម្ភជិត ១៥លានដុល្លា សម្រាប់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផានៅក្នុងឆ្នាំ២០១៨នេះ ដោយថា ដើម្បីទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះឲ្យមាននិរន្តរភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកាលពីថ្ងៃម្សិលមិញថា លោកនឹងបង្កើតមូលនិធិគន្ធាបុប្ផាមួយនៅកម្ពុជា ដោយលោកថា ដើម្បីទ្រទ្រង់ដល់ដំណើការរបស់មន្ទីរពេទ្យសប្បុរសមួយនេះ ហើយរូបលោកផ្ទាល់ នឹងធ្វើជាប្រធានកិត្តិយសនៃមូលនិធិថ្មីនេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានថវិការលោក ហាល់ រតនៈ មានប្រសាសន៍ថា ប្រាក់សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានបង្កើនពីចំនួនជាង ១០លានដុល្លារនៅឆ្នាំ២០១៦ ទៅដល់ចំនួន ១៥លានដុល្លារនៅឆ្នាំ២០១៨នេះ ដើម្បីទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យនេះ។
លោកថា៖ «ជាមូលនិធិទ្រទ្រង់គន្ធបុប្ផានៅពេលខាងមុខ យើងដឹងហើយ នៅពេលដែលវេជ្ជបណ្ឌិត Beat Richner ចូលនិវត្តន៍ រដ្ឋយើងត្រៀមបង្កើតមូលនិធិដោយឡែកមួយសម្រាប់ទ្រទ្រង់ដំណើរការឲ្យមានប្រសិទ្ធិភាព»។
មន្ទីរពេទ្យគន្ធាបុប្ផា ត្រូវបានបង្កើតឡើងលោក Beat Richner កាលពីឆ្នាំ១៩៩៣ ដែលមានមូលនិធិពីប្រទេសស្វីស ហើយបានផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់កុមារ និងស្រ្តីមានផ្ទៃពោះសរុបជិត ១៧លានករណី គិតត្រឹមចុងឆ្នាំ២០១៧កន្លងមកនេះ៕