មូលហេតុមន្ត្រីអាមេរិកហ៊ានជំទាស់ការសម្រេចរបស់ប្រធានាធិបតី

ប្រធានាធិបតីអាមេរិកទី៤៥លោក ដូណាល ត្រាំ ចូលកាន់តំណែងកាល ពីថ្ងៃទី២០ខែមករា ឆ្នាំ២០១៧។ ក្រោយការចូលកាន់តំណែងភ្លាមនោះ ប្រធានាធិបតីរូបនេះ បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ត្រង់ថា លោករុះរើគោលនយោបាយ ឬកម្មវិធីមួយចំនួនរបស់ប្រធានាធិបតីមុន  ហើយលោកបានចេញបទបញ្ជា និងបង្កើតច្បាប់ថ្មីៗដែលគេមើលឃើញថា ផ្តោតលើផល ប្រយោជន៍អាមេរិកជាធំ។​

ការសម្រេចចិត្តរបស់លោកត្រាំពេលខ្លះ គេមើលឃើញថា មិនបានផ្តោតលើការគោរពសិទ្ធិមនុស្ស ឬបញ្ហាបរិស្ថាននោះទេ ហើយថែមទាំងមានការរើសអើងពូជសាសន៍ទៀតផង។​

មន្ត្រីជាច្រើនគឺមិនក្រោម១០នាក់ទេត្រូវបានលោកត្រាំដកហូតតំណែងជាបន្តបន្ទាប់ដោយសារតែការមិនស្តាប់ ឬ ប្រឆាំងនិងគោលនយោបាយរបស់លោកក្នុងនោះ រួមទាំងរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ មន្ត្រី នៅសេតវិមាន និងមន្ត្រីនៅចារកម្មផ្ទៃក្នុងFBIជាដើម។​

លោក James Comey ជាឧទាហរណ៍មួយត្រូវបានលោកត្រាំ ដកចេញពីតំណែងជា ប្រធានFBIកាលពី ថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧ ក្រោយពេលដែលលោក Comey ព្យាយាមស៊ើបអង្កេតករណី លោកត្រាំដោយសង្ស័យឃុបឃិតជាមួយចារកម្ម​រុស្ស៊ី ក្នុងការបន្លំលទ្ធ ផលបោះឆ្នោត កាលពីចុងឆ្នាំ២០១៦។ លោកត្រាំធ្លាប់ផ្ញើលិខិត និង ជួបផ្ទាល់ញឹក​ញាប់ ដើម្បីសុំឲ្យឈប់ស៊ើបករណីនេះ ប៉ុន្តែប្រធានFBIរូបនេះ​មិនព្រមឈប់ទេ។​

កាលពីសប្តាហ៍មុន ចៅក្រមនៅទីក្រុង San Francisco លោក William Alsup បានសម្រេចឲ្យផ្អាកអនុវត្តបញ្ជារបស់លោកត្រាំ ក្នុងការចាប់បញ្ជូនពលរដ្ឋចូលដែនដីអាមេរិកខុសច្បាប់ត្រឡប់ទៅប្រទេសកំណើតពួកគេវិញ។​ ដោយការមិនពេញចិត្តចំពោះសេចក្តីសម្រេចនេះ លោកត្រាំ ហៅតុលាការនោះថា អយុត្តិធម៌ធ្វើការសម្រេចដោយគ្មានការយល់ដឹង។

មានមន្ត្រីជាច្រើនទៀតរួមទាំងតំណាងរាស្ត្រនៅក្នុងគណបក្សជាមួយគ្នាក៏ហ៊ានប្រឆាំងជាមួយលោកត្រាំដោយបើកចំហដែរ។​

តើកត្តាអ្វីខ្លះនាំឲ្យមន្ត្រីទាំងនេះហ៊ានប្រឆាំងជាមួយមេដឹកនាំរបស់ពួកគេ។​

កត្តាបុគ្គល៖ អាចជាមូលហេតុចំបង ដោយសារតែពួកគេទទួលបានការអប់រំមានចំណេះដឹង ពិតប្រាកដ ទទួលបានតំណែងដោយមិនសូកប៉ាន់នោះ ពួកគេស្គាល់តួនាទីដឹងច្បាប់ បំពេញ ការ ងារដោយការទទួលខុសក្នុងពេលបច្ចុប្បន្ន និង អនាគត ។

ក្នុងតម្រូវការរបស់មនុស្សដែលលោក ម៉ាស្លូ ទស្សនវិជ្ជាជនជាតិអាមេរិក​បានលើកឡើង ក៏បាន បញ្ជាក់ដែរថា តម្រូវការមនុស្សក្រៅពីការហូបចុកស្លៀកពាក់ និង សុវត្ថិភាពហើយ មនុស្សក៏ត្រូវការកិត្តិយសដែរ។​ ដូច្នេះមន្ត្រីដែលហ៊ានចេញមុខប្រឆាំងគំនិតប្រធានាធិបតី ដោយមិនខ្លាចបាត់បង់តំណែង ឬ ផលប្រយោជន៍នេះ អាចជាដំណាក់កាលមួយ ដែលពួក គេត្រូវការកិត្តិយសទាំងពេលបច្ចុប្បន្ន និង ពេលស្លាប់ទៅគឺពលរដ្ឋរបស់ពួកគេនៅតែឲ្យតម្លៃ។​

កត្តាច្បាប់ សង្គមមួយកាលណាមានជំនឿខ្លាំងលើព្រះឬ ខ្មោចព្រាយនោះ មនុស្សគោរព ព្រះខ្មោចព្រាយ  ហើយបើសង្គមដែលមានបុគ្គលម្នាក់ខ្លាំងផុតលេខនោះមនុស្សឬ មន្ត្រីនានានឹងធ្វើតាម តែការនិយាយឬ ការបញ្ជារបស់មន្ត្រីទាំងនោះ។ រហូតដល់នៅសម័យអតីតមេដឹកនាំអាល្លឺម៉ង់ អាដុល ហ៊ីត្លែ គឺមន្ត្រីក្រោមបង្គាប់ចាត់ទុករាល់សម្តីចេញពីមាត់របស់មេដឹកនាំនេះ គឺជាច្បាប់។​

ប៉ុន្តែនៅអាមេរិកអាចច្បាប់ប្រទេសជាធំទើបមន្ត្រីផ្សេងៗធ្វើការសំឡឹងមើលច្បាប់ ដោយមិន សំឡឹងមើលមុខប្រធានាធិបតីនោះទេ។​

ប្រព័ន្ធយុត្តិធម៌ ស្ថិតនៅក្នុងលក្ខខណ្ឌឯករាជ្យ អ្នកមានអំណាចមិនជ្រៀតជ្រែកប្រើប្រាស់ តាមតែចិត្តនឹកឃើញបាននោះទេ។​ ចំណុចនេះ ធ្វើឲ្យមន្ត្រីហ៊ានប្រឆាំងថ្នាក់ដឹកនាំ គឺយ៉ាង ហោច ណាស់បាត់បង់តួនាទី និងផលប្រយោជន៍តែប៉ុណ្ណោះ គឺមិនមានទោសទណ្ឌ ផ្សេងៗ ទេ។​

នៅបណ្តាប្រទេសដែលមានប្រព័ន្ធយុត្តិធម៌ខ្សោយនោះគឺមន្ត្រីថ្នាក់ក្រោមកម្រហ៊ានជំទាស់ និងមេដឹកនាំណាស់ព្រោះថា ក្រៅពីបាត់បង់តំណែងអាចប្រឈមជាប់ទោសផ្សេងៗ បើមិន មានកំហុសក៏បង្កើតមូលហេតុផ្សេងដើម្បីចាប់ដែរ។​ បើសិនចង់ជំទាស់គឺត្រូវបោះបង់តួនាទី ហើយរត់គេចទៅក្រៅប្រទេសជាមុនសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ