អាជ្ញាធរដែនដីហុងកុងបានប្រកាសថា ដែនដីនេះកំពុងជួបបញ្ហាបំពុលខ្យល់កម្រិតធ្ងន់ធ្ងរដែលអាចប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សនៅតំបន់នោះ។
តាមការចុះផ្សាយរបស់ South China Morning Post បានឲ្យដឹងថា ស្ថានីយ៍ចំនួន១៤ កំពុងតែតាមដានពីស្ថានភាពខ្យល់បានអះអាងថា ខ្យល់កំពុងមានកម្រិតជាតិពុលខ្ពស់។ ស្ថានីយ៍ទាំងនេះបានធ្វើបច្ចុប្បន្ននិងផ្សព្វផ្សាយលទ្ធផលដែលរកឃើញរាល់ម៉ោងឲ្យសាធារណជនបានដឹង។
នាយករដ្ឋានការពារបរិស្ថានបានចេញសេចក្តីប្រកាសថា នៅក្នុងខ្យល់កម្រិតនៃសារធាតុនីត្រុងកើនឡើងខ្ពស់ ស្ទើរពេញតំបន់។ ខ្យល់ពុលនេះកំពុងតែធ្វើចលនាបោកបក់ពីភាគខាងជើងទៅភាគខាងត្បូង។
អាជ្ញាធរការពារបរិស្ថានបានប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះមនុស្សចាស់ និងកុមារ ពេលស្ថិតនៅខាងក្រៅផ្ទះ។ បរិយាកាសនេះអាជ្ញាធរជំនាញបានព្រមានថា អាចប៉ះពាល់ខ្លាំងដល់កុមារ មនុស្សចាស់ និង អ្នកដែលមានជំងឺបេះដូង៕