អង្គការអន្តរជាតិធ្វើការលើកស្ទួយសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានបង្ហាញរបាយការណ៍ថា ក្នុងឆ្នាំ២០១៧ ប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពនៅលើពិភពលោកជូបវិបត្តិខ្លាំង ខណៈសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល ត្រាំ ដកខ្លួនចេញពីកិច្ចការទាំងនេះ។
របាយការណ៍ប្រចាំឆ្នាំចេញផ្សាយនៅដើមសប្តាហ៍នេះ បានបង្ហាញពីការសិក្សាលើស្ថានភាពប្រទេស និង ស្ថានភាពប្រជាជន។ ក្នុងនោះគឺនៅលើពិភពលោកប្រទេសចំនួន៤៥%ស្ថិតក្នុងលក្ខខណ្ឌមានសេរីភាព ២៥% មិនមានសេរីភាព និង ៣០% មានសេរីភាពដោយផ្នែក ចំណែកប្រជាជន៣៩%មានសេរីភាព ២៤%ភាគរយមានសេរីភាពដោយផ្នែក និង ៣៧% មិនមានសេរីភាព។
ក្នុងរបាយការណ៍សិក្សារកឃើញថា សេរីភាពមូលដ្ឋាននៃការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ សេរីភាពសារព័ត៌មាន និង នីតិរដ្ឋរងការវាយប្រហារស្ទើរពាសពេញពិភពលោក។ ក្នុងនោះ៧១ប្រទេស ជួបបញ្ហាការធ្លាក់ចុះសេរីភាពនយោបាយ និង សិទ្ធិស៊ីវិល។
អាមេរិក
Freedom House ក៏បានលើកឡើងពីការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីតួនាទីអ្នកគាំទ្រ និង ពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ក្រោយការឡើងកាន់តំណែងកាលពីដើមឆ្នាំ២០១៧ លោក ដូណាល ត្រាំ បានប្រកាសអនុវត្តន៍គោលនយោបាយ«អ្វីៗគ្រប់យ៉ាងដើម្បីពលរដ្ឋអាមេរិកមុនគេ»។ លោក ត្រាំបានកាត់ផ្តាច់ជំនួយ ដែលឧបត្ថម្ភដល់ប្រទេស ឬ ស្ថាប័ននានាក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យលើពិភពលោក។
លោក ត្រាំ ក៏រងការចោទថា បានតែងតាំងសាច់ញាតិ ឬ មនុស្សដែលស្និទ្ធ ឲ្យកាន់តួនាទីក្នុងជួររដ្ឋាភិបាល ដើម្បីតែការពង្រឹងមុខជំនួញតែប៉ុណ្ណោះ។
ចំណុចទាក់ទងលទ្ធិប្រជាធិបតេយ្យដែលFreedom House លើកឡើងដែរនោះ គឺលោក ដូណាល ត្រាំ រងការចោទថា បានធ្វើសកម្មភាពលួចលាក់ជាមួយចារកម្មរបស់រុស្ស៊ី ក្នុងការកែប្រែលទ្ធផលនៃការបោះឆ្នោតកាលពីចុងឆ្នាំ២០១៦។
សង្គ្រាម និងហិង្សា
សង្គ្រាមរ៉ាំរ៉ៃ និង ជម្លោះនយោបាយដូចជា នៅស៊ីរី អ៊ីរ៉ាក់ និង ការបង្ក្រាបលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ាជាដើម ជាផ្នែកធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសិទ្ធិសេរីភាពប្រជាពលរដ្ឋ និង លទ្ធិប្រជាធិបតេយ្យ។
ស្របពេលជាមួយគ្នានេះ ការសិក្សាក៏បានលើកឡើងដែរថា រុស្ស៊ី និងចិនកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនទាំងផ្នែកសេដ្ឋកិច្ច និង នយោបាយ ជាមួយបណ្តាប្រទេសនានា ដោយពួកគេមិនបានគិតលើសិទ្ធិសេរីភាពប្រជាពលរដ្ឋរស់នៅក្នុងប្រទេសទាំងនោះទេ៕